រដ្ឋាភិបាគ្រោងធ្វើការនាំចេញអង្ករកម្ពុជាទៅចិន ៤០ម៉ឺនតោន

ដោយ: ម៉ាលីស

ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃថ្ងៃទី៤ មីនា ២០២២នេះ មានកិច្ចប្រជុំ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសាជីវកម្មចិន COFCO ដើម្បីពិនិត្យមើលលើការ​ងារនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

ដោយធ្វើឡើងតាមប្រព័ន្ធអនឡាញ (Video Zoom) ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ដឹកដោយ លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃក្រុមហ៊ុនហ្រ្គីនត្រេដ និងលោកស្រី Lu Ying អគ្គនាយកក្រុមហ៊ុនសាជីវកម្មចិន COFCO និងចូលរួមតំណាងអោយសហព័ន្ធស្រូវអង្ករកម្ពុជា មានឧកញ៉ាចាន់ សុឃាំង អនុប្រធានសហព័ន្ធ លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធ និងលោកឡាយ ឈុនហួ អនុប្រធានសហព័ន្ធ។

នៅក្នុងកិច្ចប្រជុំ មានការធ្វើបទបង្ហាញអំពីលទ្ធផល ដែលសម្រេចបានលើការអនុវត្តបានទាំងស្រុង នូវអនុស្សរណៈយោគយល់លើកទី៥ ចំនួន៤០ម៉ឺនតោន ដែលបានបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២១ និងបានធ្វើការចាប់ផ្តើមអនុវត្តន៍ការបញ្ជាទិញអង្ករ តាមអនុស្សរណៈយោគយល់លើកទី៦ បានចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលលឿនជាងការរំពឹងទុកមួយខែ ដែលគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២២ បរិមាណអង្ករចំនួន១១៣,០០០តោន បានធ្វើការចុះកិច្ចសន្យាបញ្ជាទិញរួចរាល់ ហើយចំនួន៨៦,០០០តោន ក៏ធ្វើការបានប្រគល់ជូនអ្នកបញ្ជាទិញរួចរាល់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ខែមករា និងខែកុម្ភៈ ឆ្នាំ២០២២ បរិមាណអង្ករចំនួន ៥២,០៥៧តោន ក្នុងចំណោមបរិមាណអង្ករសរុប ដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនត្រូវបានទិញ តាមរយៈក្រុមហ៊ុនសាជីវកម្ម COFCO ដែលបរិមាណនេះ មានកំណើនចំនួន៥៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានធ្វើការចែករំលែកព័ត៌មានអំពីការរីកចម្រើន ជាពិសេសការពេញនិយម និងចាប់ផ្តើមមានតម្រូវការខ្ពស់លើអង្ករក្រអូបប្រភេទសែនក្រអូប និងបានពិភាក្សាលើការប្រឈមមួយចំនួនដែលត្រូវដោះស្រាយរួមគ្នា ក្នុងគោលបំណងជំរុញឱ្យការអនុវត្តលើអនុស្សរណៈយោគយល់ចំនួន៤០ម៉ឺនតោន ដែលបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានសម្រេចតាមផែនការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here