លោកឧកញ៉ាលឹម ហេង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មធ្វើទស្សនកិច្ចទីស្នាក់ការកណ្តាលសហព័ន្ធធុរជនឧស្សាហកម្មតួកគី

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចទីស្នាក់ការកណ្តាលសហព័ន្ធធុរជនឧស្សាហកម្មតួកគី នៅទីក្រុងអាំងការ៉ា សាធារណរដ្ឋតួកគី។

ក្នុងដំណើរទស្សនកិច្ចនេះ លោកនិងប្រតិភូបានជួបពិភាក្សាការងារជាមួយ លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី ព្រមទាំងមានការចូលរួមពីអនុប្រធាន និងសមាជិកសហព័ន្ធធុរជនឧស្សាហកម្មតួកគី។

លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី មានប្រសាសន៍ស្វាគមន៍ ចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងបានជម្រាបជូនអំពីប្រវត្តិ ក៏ដូចជា សកម្មកភាពសំខាន់ៗរបស់សហព័ន្ធធុរជនឧស្សាហកម្មតួកគី ក្នុងការជំរុញពាណិជ្ជក ម្មនិងវិនិយោគរវាងតួកគី និងប្រទេសផ្សេងៗទៀត ទូទាំងពិភពលោករួមមាន ដូចជា អារ៉ាប់ អាហ្វ្រិក បាល់កាន អាមរិកឡាទីន និងអឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមានសេចក្តីសោមនស្សរីករាយ ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា និងថ្លែងអំណរគុណ ចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលមកបំពេញទស្សនកិច្ចនៅតួកគី។

សហព័ន្ធធុរជនឧស្សាហកម្ម បានរាយការណ៍ជូនរដ្ឋាភិបាលតួកគីអំពីដំណើរទស្សនកិច្ចនេះ និងបានផ្សព្វផ្សាយទៅកាន់ធុរជន ដែលជាសមាជិកសហព័ន្ធធុរជនឧស្សាហកម្មតួកគី។ លោកប្រធាន ស្នើឲ្យមានកិច្ចប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យសំណង់ ថាមពល ធនធានរ៉ែ និង បច្ចេកវិទ្យា ។

លោកគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្រយូរលង់ និងមានសក្តានុពលខ្ពស់។ ហេតុនេះ លោក សង្ឃឹមថាធុរជននៃប្រទេសទាំងពីរ នឹងអាចអភិវឌ្ឍគម្រោងរួមគ្នា ក្នុងវិស័យសំខាន់ៗខាងលើ ហើយលោកនឹងដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឧកញ៉ា លឹម ហេង ថ្លែងអំណរគុណចំពោះ សហព័ន្ធធុរជនឧស្សាហកម្មតួកគី ដែលបានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា មកបំពេ​ញទស្សនកិច្ចនៅតួកគី។ លោកឧកញ៉ាមានប្រសាន៍គាំទ្រចំពោះ ការអភិវឌ្ឍគម្រោងរួម ក៏ដូចជា ការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ និងស្វាគមន៍ចំពោះ ការបំពេញទស្សនកិច្ចទៅកម្ពុជារបស់ លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី និង គណៈប្រតិភូធុរកិច្ច។

លោកបន្តថា “សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយ សហព័ន្ធធរុជនឧស្សាហកម្មតួកគី ដើម្បីជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ”។

ឧកញ៉ា បានជម្រាបជូន លោកប្រធាន អនុប្រធាន និងសមាជិក សហព័ន្ធធុរជនឧស្សាហកម្មតួកគី អំពីទីតាំងភូមិសាស្ត្រដ៏អំណោយផលរបស់កម្ពុជា ដែលស្ថិតនៅចំកណ្តាលអាស៊ាន និងមានទីផ្សារដ៏ទូលំទូលាយ ដែលវិនិយោគិន អាចនាំផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សារចិន កូរ៉េ អាមេរិក អង់គ្លេស សហគមន៍អឺរ៉ុប និងអាស៊ាន ដោយមិនជាប់ពន្ធ។ ឧកញ៉ា ក៏បានជម្រាបជូនអំពីច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន។

សមាជិកនៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានចូលរួមពិភាក្សានិងសិក្សាស្វែងយល់ ពីបរិយាសកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា លើផ្នែកសំខាន់ៗរួមមាន វីស័យណាខ្លះដែលគួរវិនិយោគនៅកម្ពុជា ដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា ការនាំចេញនាំចូល វាយណភណ្ឌបែបប្រពៃណី សំណង់ ថាមពល រ៉ែ កសិកម្ម ។ល។៕

LEAVE A REPLY

Please enter your comment!
Please enter your name here