គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិតកាន់តែមានសញ្ញាវិជ្ជមាន

ដោយ៖វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិតដែលរត់កាត់ផ្នែកខ្លះនៃខេត្តកណ្ដាល ព្រៃវែង ទៅកាន់ក្រុងបាវិត កាន់តែមានពន្លឺខ្លាំងឡើង ក្រោយរដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំពិភាក្សាលម្អិតបន្ថែមទៀត ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី២៤ កុម្ភៈ២០២២ ដើម្បីពិភាក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញបច្ចេកទេស។

កិច្ចប្រជុំអន្តរក្រសួងនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធលទ្ធភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី ភ្នំពេញទៅក្រុងបាវិត ដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធទៅលើរបាយការណ៍សិក្សា។

នៅក្នុងកិច្ចប្រជុំនោះ លោកស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេកទេស ដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

អ្នកអភិវឌ្ឍន៍និងអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា លោកឧកញ៉ានួន រឹទ្ធីបានលើកឡើងថា គម្រោងផ្លូវនេះ នឹងជំរុញសក្ដានុពលនៅតំបន់ដែលរត់កាត់ក្លាយជាចលករថ្មីមួយនៃការអភិវឌ្ឍអចលនទ្រព្យ ក្នុងនោះខេត្តស្វាយរៀង ដែលពុំសូវមានអ្នកចាប់អារម្មណ៍ វានឹងក្លាយជាចំណាប់អារម្មណ៍សម្រាប់វិនិយោគក្នុងការអភិវឌ្ឍ ដីធ្លី និងជំរុញកំណើនដីធ្លីខេត្តនេះកាន់តែមានសន្ទុះបន្ថែមទៀត ។

ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គីឡូម៉ែត្រ មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គីឡូម៉ែត្រ និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here