អ៊ីរ៉ង់និងកម្ពុជាគ្រោងបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ដោយ: ម៉ាលីស

ភ្នំពេញ៖ លោក អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចំាកម្ពុជា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានស្នើពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ ដើម្បីអាចប្រើប្រាស់ជាក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

លោកបានថ្លែងយ៉ាងនេះក្នុងជំនួបជាមួយលោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង វិស័យពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី នាពេលខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អាលី អាកបា ណាហ្សារី (Ali Akbar Nazari) បានថ្លែងថា កន្លងមក ភាគីអ៊ីរ៉ង់មានគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ ជាមួយថៃ វៀតណាម ម៉ាឡេស៊ី ចិន និងរុស្ស៊ី ។ល។

លោកឯកអគ្គរដ្ឋទូត បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអ៊ីរ៉ង់ ដោយប្រទេសទាំងពីរសុទ្ធសឹងតែមានសក្តានុពលជាពិសេសក្នុងវិស័យពាណិជ្ជកម្មដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរផលិតផលសក្តានុពល និងការផ្តល់ច្រកទីផ្សារសក្តានុពលសម្រាប់ការនាំចេញទៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាស៊ាន ដែលមានប្រជាជនសរុបប្រមាណ១,២ពាន់លាននាក់។

ជាមួយគ្នានេះ លោកអគ្គរដ្ឋទូត ក៏បានធ្វើការចាប់អារម្មណ៍បន្ថែមលើកិច្ចសហប្រតិបត្តិការជាសារវ័ន្ត រួមមាន តំបន់សេដ្ឋកិច្ចពិសេស ការវិនិយោគ និងកិច្ចសហការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងបានបង្ហាញអំពីបំណងក្នុងការផ្គត់ផ្គង់មុខទំនិញសក្តានុពលរបស់អ៊ីរ៉ង់រួមមាន ថ្នាំពេទ្យ ប្រេងនិងឧស្ម័ន និងឥន្ធនៈ។

លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តវិនិយោគិនអ៊ីរ៉ង់ឱ្យចាប់យកឱកាសផ្នែកសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ឬការចូលរួមក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ ឬការវិនិយោគលើផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ទំនិញសម្រាប់ការធ្វើដំណើរ កង់ និងវាយនភ័ណ្ឌ ដើម្បីអាចប្រើប្រាស់ពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា-ចិននិងកម្ពុជា-កូរ៉េ ក្របខណ្ឌអាស៊ានបូកដៃគូ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP)៕

LEAVE A REPLY

Please enter your comment!
Please enter your name here