ផ្សារមូលបត្រកម្ពុជាដាក់ដំណើរការនូវកម្មវិធីទូរស័ព្ទ CSX Trade សម្រាប់ជួញដូរមូលបត្រដែលបានចុះបញ្ជី

ដោយៈសុផារី

ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រារព្ធពិធីសម្ពោធ ដាក់ឱ្យដំណើរការជាបឋមនូវកម្មវិធីទូរស័ព្ទ CSX Trade ក្រោមអធិបតីភាពរបស់លោកសៀង ធីរិទ្ធិ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា តំណាងលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។

កម្មវិធីទូរស័ព្ទ ស៊ី អេស អ៊ិក ត្រេដ គឺជាវេទិកាសម្រាប់ជួញដូរមូលបត្រ ដែលបានចុះបញ្ជីនៅ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ វាគឺជាការធ្វើទំនើបកម្មនៃប្រព័ន្ធជួញដូរចល័តបច្ចុប្បន្ន (Mobile Trading System – MTS) ដែលមានលក្ខណៈជាគេហទំព័រ (Web-based) មកជាកម្មវិធីទូរសព្ទដែលដំណើរការបានទាំងនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS និង Android។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអភិវឌ្ឍកម្មវិធីទូរសព្ទនេះ គឺជាការបោះជំហានថ្មីមួយទៀត នៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីធានាបាននូវការឆ្លើយតប នឹងតម្រូវការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ការកើនឡើងចំនួនក្រុមហ៊ុនចុះបញ្ជី និងចំនួនវិនិយោ​គិន ដែលកម្មវិធីទូរសព្ទនេះ នឹងក្លាយជាកម្លាំងចលករមួយបន្ថែមទៀត ដើម្បីជម្រុញកំណើនការជួញដូរ និងសន្ទនីយភាពនៅក្នុងទីផ្សារមូលបត្រកម្ពុជា។

លោកសៀង ធីរិទ្ធិ បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១ និយ័តករមូលបត្រកម្ពុជា បានផ្តល់លេខអត្តសញ្ញាណ វិនិយោគិនសរុបចំនួន ៣០,៧៩៨ ក្នុងនោះវិនិយោគិនជា រូបវន្តបុគ្គលមានចំនួន៣០,៦៤៩ និងវិនិយោគិនជានីតិបុគ្គល មានចំនួន១៤៩។

បន្ថែមពីនោះទៀត លោក សៀង ធីរិទ្ធិ បានបញ្ជាក់ថា ទីផ្សារមូលបត្រនៅកម្ពុជា ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដែលមូលធនូបនីយកម្មទីផ្សារ សរុបមានប្រមាណ២,៤៣ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះទំហំជួញដូរសរុប ឆ្នាំ២០២១ មានការកើនឡើង៣៨៦% និងទំហំជួញដូរប្រចាំថ្ងៃ កើនឡើងប្រមាណ៣៨២% ធៀបនឹងឆ្នាំ២០២០។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា កម្មវិធីទូរស័ព្ទសម្រាប់ជួញដូរមូលបត្រ CSX Tradeនេះ ត្រូវបានអភិវឌ្ឍឡើងទាំងស្រុង ដោយក្រុមការ​ងារបច្ចេកទេសផ្ទាល់របស់យើង ដោយយកលំនាំតាម និងរក្សានូវមុខងារ សំខាន់ៗ ដែលមាននៅក្នុងប្រព័ន្ធជួញដូរចល័ត MTS ប៉ុន្តែមានបន្ថែមនូវមុខងារសុវត្ថិភាព ការរចនាលម្អពិសេសគឺការបន្ថែម នូវសមត្ថភាពប្រព័ន្ធដើម្បីទទួលបញ្ជាបានច្រើនជាងមុន និងរហ័សជាងមុន។

លោកក៏សូមស្នើឱ្យវិនិយោគិនទាំងអស់ ទាញយកកម្មវិធីនេះ និងចូលរួមប្រើប្រាស់សាកល្បងទាំងអស់គ្នា និងចូលរួមផ្តល់ជាមតិយោបល់កែលម្អ ដើម្បីផ្សារមូលបត្រកម្ពុជា អាចកែសម្រួល ឱ្យបានកាន់តែប្រសើរឡើង មុនពេលដាក់ឱ្យដំណើរការជាផ្លូវការ ដែលគ្រោងនឹងធ្វើឡើងនៅខែឧសភាខាងមុខនេះ។

តាមរយៈកម្មវិធីទូរស័ព្ទនេះ វិនិយោគិនអាចដាក់បញ្ជាទិញលក់មូលបត្រ ពិនិត្យមើលប្រតិបត្តិការមូលបត្រ ត្រួតពិនិត្យសមតុល្យមូលបត្រ និងសាច់ប្រាក់ ក៏ដូចជា ការពិនិត្យមើលទិន្នន័យទីផ្សារ ព័ត៌មានក្រុមហ៊ុនចុះបញ្ជី និងព័ត៌មានទីផ្សារជាច្រើនទៀត។

ដើម្បីប្រើប្រាស់ប្រព័ន្ធនេះ វិនិយោគិនត្រូវមានគណនីជួញដូរ នៅក្រុមហ៊ុនមូលបត្រណាមួយ ដែលជាសមាជិករបស់ ផមក រួចដោនឡូតកម្មវិធីនេះតាមរយៈ ApSore ឬ Google Pay រួចចុចទៅលើ ស្នើដំណើរការគណនី ក្នុងកម្មវិធីនេះ និងអនុវត្តតាមការណែនាំ ឬទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនមូលបត្ររបស់ខ្លួនដើម្បីស្វែងរកជំនួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here