ដោយៈ សុផារី
កំពតៈ ក្រសួងពាណិជ្ជកម្មបាន និងកំពុងអនុវត្តគម្រោងចុះបញ្ជី “អំបិល និងផ្កាអំបិលកំពត” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្លាយជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដើម្បីជួយពង្រឹងគុណភាព បង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្តដល់អ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធធានារ៉ាប់រងគុណភាពនៃ អំបិល និងផ្កាអំបិលកំពត។
នេះបើតាមការបញ្ជាក់របស់លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារ យុទ្ធសាស្ត្រអភិវឌ្ឍវិស័យអំបិលកម្ពុជាឆ្នាំ២០២២-២០២៦។
លោក សួន វិជ្ជា បានគូសបញ្ជាក់ថា ការចុះបញ្ជីនេះ នឹងជួយពង្រឹងគុណភាព បង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្តដល់អ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធធានារ៉ាប់រងគុណភាពនៃ “អំបិល និងផ្កាអំបិលកំពត” ដូចជា ការត្រួតពិនិត្យគុណភាព និងស្វែងរកតឹកតាន ដោយសមាគមអន្តរវិជ្ជាជីវៈ (ស្វ័យត្រួតពិនិត្យដោយកសិករផ្ទាល់ ការត្រួតពិនិត្យផ្ទៃក្នុង និងអង្គភាពឯករាជ្យចេញវិញ្ញាបនបត្រពីខាងក្រៅ ឬអាជ្ញាធរមានសមត្ថកិច្ច) ដើម្បីធានាថា សមាជិកសមាគម បានអនុវត្តន៍អនុលោមតាមសៀវភៅបន្ទុក។
លោកបន្តថា “ចំពោះករណីនាំចេញទៅក្រៅប្រទេស ខ្ញុំជឿជាក់ថានឹងមានការនាំចេញ អំបិល និងផ្កាអំបិលកំពត ទៅកាន់ទីផ្សារអន្តរជាតិ ដោយសមាជិកសមាគមជាប្រតិបត្តិករ ឬក្រុមហ៊ុនកែច្នៃវេចខ្ចប់”។
ដោយទ្បែក នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ និងរៀបចំបង្កើតជាគណៈកម្មការបណ្តោះអាសន្ន ដើម្បីបន្តរៀបចំកិច្ចប្រជុំផ្សេងៗ ស្តីពី ការព្រាងសៀវភៅបន្ទុកអំបិល និងផ្កា អំបិលកំពត ការកំណត់ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ តំបន់ផលិតកម្ម កំណត់អំពីលក្ខណៈពិសេសរបស់អំបិល និងផ្កាអំបិលកំពត រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សៀវភៅលក្ខន្តិកៈសមាគម និងបទបញ្ជាផ្ទៃក្នុង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត៕