រដ្ឋាភិបាលត្រៀមមន្រ្តី៥ពាន់នាក់ ចុះធ្វើជំរឿនសេដ្ឋកិច្ចនៅដើមខែមីនាខាងមុខនេះ

ដោយ: ម៉ាលីស

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងផែនការ បានត្រៀមមន្រ្តី៥ពាន់នាក់ចុះធ្វើជំរឿនសេដ្ឋកិច្ចលើកទី២ នៅដើមខែមីនាខាងមុខនេះ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៅឆ្នាំ២០៣០។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែន​ការ បានលើកឡើងក្នុងកិច្ចប្រជុំ តាមរយៈប្រពន្ធ័អនឡាញZoom នៅថ្ងៃ២១ កុម្ភៈ នេះថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់ សូចនាករ សម្រាប់ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការធ្វើជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើជាលើកទី២ បន្ទាប់ពីបានធ្វើជាលើកដំបូងនៅឆ្នាំ២០១១ ហៅថា “ជំរឿនសហគ្រាសនៅ ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១” និងបានធ្វើ“អង្កេតចន្លោះជំរឿនសហគ្រា​សនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤”។

លោករដ្ឋមន្រ្តីបន្ថែមថា បើតាមរបាយការណ៍លទ្ធផលបឋមស្តីពី ការស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច នៅតាមរាជធានីខេត្ត ទាំង២៥ បានឱ្យដឹងថា មានចំនួនអង្គភាពសេដ្ឋកិច្ច សរុបចំនួន៧៤៣,៥៣២ ទីតាំងមូលដ្ឋាន នៅឆ្នាំ២០២១ ក្នុងទូទាំងប្រទេស។ ចំនួនអង្គភាពសេដ្ឋកិច្ច បានកើនទ្បើងប្រមាណ ៤៧% បើធៀបនឹងឆ្នាំ២០១១ នៃជំរឿនសហគ្រាសឆ្នាំ២០១១ ហើយបាន កើនទ្បើងប្រមាណ៤៥% បើធៀបនឹងឆ្នាំ២០១៤ ផ្នែកទិន្នន័យអង្កេតចន្លោះជំរឿនសហគ្រាសឆ្នាំ២០១៤។

លោករដ្ឋមន្រ្តីបន្តទៀតថា លទ្ធផលបឋមនេះ បានបង្ហាញឱ្យឃើញអំពីការប្រែប្រួល រចនាសម្ព័ន្ធកំណើនប្រជាជន និងភូមិសាស្រ្តរដ្ឋបាលគ្រប់​គ្រងនៅថ្នាក់មូលដ្ឋានភូមិ ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត ដែលមានចំនួនប្រជាជនសរុប បានកើនទ្បើង ដល់ជិត ១៦លាននាក់ និងមានគ្រួសារសរុបប្រមាណ៣,៦ លានគ្រួសារ នៅឆ្នាំ២០១៩។

ដូច្នះជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ដោយត្រូវប្រើប្រាស់មន្ត្រីសម្ភាសន៍សរុប ចំនួនប្រមាណ៥ពាន់នាក់ ដើម្បីគណនាវាយតម្លៃអំពីកំនើនសេដ្ឋកិច្ចតាមវិស័យនៅរាជធានីខេត្តនីមួយៗ ដែលត្រូវតែមាន ទិន្នន័យតួលេខឱ្យបានច្បាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែក តាមបរិបទសេដ្ឋកិច្ចនៅក្នុងរាជធានីខេត្ត ថ្នាក់តំបន់ និងសកលលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងបដិវត្ត ឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើប សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមគោលនយោបាយរបស់កម្ពុជា ជំរឿនសេដ្ឋកិច្ចនឹងត្រូវធ្វើឡើងរៀងរាល់១០ឆ្នាំម្ដង ដោយផ្អែកលើមូលដ្ឋាន ច្បាប់ស្តីពីស្ថិតិ ក្រោមមាត្រា ៦៧៨ និងអនុក្រឹតលេខ ១៥១ អនក្រ.បក ចុះថ្ងៃទី ២ខែតុលា ឆ្នាំ២០១៩ ស្ដីពីការកំណត់ កាលបរិច្ឆេទការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here