រដ្ឋាភិបាលប្រកាសពីទិវាសប្តាហ៍គាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាភាពរបស់ប្រជាពលរដ្ឋ

ដោយ៖សុផារី

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បើក “ទិវាសប្តាហ៍គាំពារសង្គម” (Social Protection Week)។

“ទិវាសប្តាហ៍គាំពារសង្គម” ជាទិវាមួយដែលបានប្រារព្ធធ្វើឡើងក្នុងប្រទេសជាច្រើនក្នុងសកលលោក ដើម្បីពង្រឹងការយល់ដឹង និងសារៈសំខាន់នៃកម្មវិធី និងគោលនយោបាយគាំពារសង្គមរបស់ប្រទេសនីមួយៗ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាភាពរបស់ប្រជាពលរដ្ឋទូទៅ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។

លោក អូន ព័ន្ធមុនីរ័ត្នមានប្រសាសន៍ថា សម្រាប់ប្រទេសកម្ពុជា “ទិវាសប្តាហ៍គាំពារសង្គម” ត្រូវបានប្រារពធ្វើឡើងជាលើកដំបូង ជាមួយនឹងប្រធានបទ “ឆ្ពោះទៅការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមសម្រាប់គ្រប់គ្នា ” ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គការសហប្រជាតិប្រចាំកម្ពុជា និង ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងសារៈសំខាន់នៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ការផ្សព្វផ្សាយនូវសមិទ្ធផលថ្មីៗដែលសម្រេចបាន ព្រមទាំងផ្តល់ឱកាស និងវេទិកាដល់តួអង្គពាក់ព័ន្ធ ពិគ្រោះពិភាក្សាលើការងារជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ទៅមួយកម្រិតទៀត ទាំងក្នុងទិដ្ឋភាពកម្រិតគោលនយោបាយ និងកម្រិតបច្ចេកទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ការរៀបចំបង្កើតឱ្យមាន “ទិវាសប្តាហ៍គាំពារសង្គម” នេះឡើង គឺជាផ្នែកមួយនៃការពង្រឹងគោលការណ៍អភិបាលកិច្ចល្អនៅក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា អនុលោមតាមការចង្អុលបង្ហាញរបស់ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ” និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នាពេលកន្លងទៅ របស់រាជរដ្ឋាភិបាល។

ការបង្កើតឱ្យមានយន្តការជជែកពិភាក្សាដោយបើកចំហរ រវាងគ្រប់ភាគីពាក់ព័ន្ធបែបនេះ នឹងផ្តល់ឱកាសឱ្យអ្នករៀបចំគោលនយោបាយបានស្តាប់ និងដឹងអំពីលទ្ធផលនៃការដាក់ចេញនូវគោលនយោបាយនានា ដែលជាធាតុចូលយ៉ាងសំខាន់ក្នុងការគិតគូរដាក់ចេញនូវគោលនយោបាយគាំពារសង្គមនៅពេលខាងមុខឱ្យកាន់តែប្រសើរឡើង។

ក្រៅពីការរៀបចំឱ្យមានវេទិកាពិភាក្សានេះឡើង រាជរដ្ឋាភិបាលក៏បានរៀបចំបង្កើតយន្តការការងារផ្សេងៗទៀត ក្នុងគោលដៅជំរុញ និងលើកកម្ពស់ គោលការណ៍អភិបាលកិច្ចល្អក្នុងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់ ដើម្បីធានាថាការអនុវត្តគោលនយោបាយគាំពារសង្គមប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងគណនេយ្យភាព

ក្រោមកិច្ចសហការល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធកម្ពុជារំពឹងថានឹងជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយសុខដុមរមនីយកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here