រដ្ឋមន្រ្តីពាណិជ្ជកម្មដាក់ចេញ៦ចំណុចដល់មន្រ្តីក្នុងការបំពេញការងារម្ចាស់ការដើម្បីជាប្រយោជន៍ជូនពលរដ្ឋ

ដោយ: សុផារី

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានណែនាំ៦ចំណុច ដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការដោយខ្លួនឯង ដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាព ផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការនាំចេញផ្លែមៀនប៉ៃលិន ដោយផ្ទាល់ទៅកាន់ទីផ្សារចិន កូរ៉េ និងទីផ្សារអន្តរជាតិផ្សេងៗទៀត ក្រោមប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាសម្រេចបាន នាពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ លោក ប៉ាន សូរស័ក្តិ បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន រួមមាន៖
១.មន្ត្រីទាំងអស់ត្រូវបន្តខិតខំពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព នៅលើទីផ្សារឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។

២.ត្រូវចេះប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាព និងបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ទៅតាមជំនាញ។

៣.មន្រ្តីទាំងអស់ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

៤.បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

៥.ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន ផ្តល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។

៦.ពេលចុះអនុវត្តន៍ការងារក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាពេលនេះ និងដើម្បីរក្សាគម្លាតសង្គម សូមឲ្យត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here