កម្ពុជាជំរុញឱ្យខ្សែចង្វាក់តម្លៃកៅស៊ូធម្មជាតិកាន់តែមាននិរន្តរភាព ស្របនឹង​កំណើន​នៃ​ការ​នាំ​ចេញ​

ដោយ៖ សុផារី

មណ្ឌលគិរីៈ រដ្ឋាភិបាល​តាម​រយៈ​ក្រសួងកសិកម្ម បាន​សហការ​ជាមួយ​សង្គម​ស៊ីវិល​កំពុង​រួមគ្នា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែចង្វាក់​តម្លៃ​កៅស៊ូ​ធម្មជាតិ ដើម្បី​ធ្វើឱ្យ​ការផលិត​កៅស៊ូ​នៅ​កម្ពុជា​កាន់តែ​មាន​និរន្តរភាព និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ខណៈ​កាលពី​ឆ្នាំ​២០២១ កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ក្នុង​តម្លៃ​ជាង​ ៦១០ ​លាន​ដុល្លារ កើន២៦ភាគរយ​ធៀប​ឆ្នាំ​២០២០​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២១ កម្ពុជា​រកចំណូលបាន​ប្រមាណ ៦១១,៧៧​ លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​ក្នុងនោះ​បរិមាណ​ជ័រកៅស៊ូ​មាន​ចំនួន ៣៦៦ ៣០០ ​តោន ស្មើនឹង​ទឹកប្រាក់ ៦១០,២៥​ លាន​ដុល្លារ និង​ឈើ​កៅស៊ូ​សម្រេចបាន ៤៥៤ ​ម៉ែត្រគុប មាន​ទឹកប្រាក់ ១,៥១ ​លាន​ដុល្លារ​។

ដើម្បី​រក្សា​កំណើន​នេះ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម​បាននិងកំពុង​ស្វែងរក​ការសហការ​ជាមួយនឹង​សង្គម​ស៊ីវិល និង​អ្នក​ដាំ​ដុះ​កៅស៊ូ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដើម្បី​ជំរុញ​ឱ្យ​ការផលិត​កៅស៊ូ​មាន​ស្ថិរភាព​តម្លៃ និង​បង្កើន​ការផលិត​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​សិក្ខាសាលា​ស្តីពី​ភាពជា​ដៃគូ​ពហុភាគី​លើ​ខ្សែចង្វាក់​តម្លៃ​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​កាលពីថ្ងៃ​ទី​១៥ ខែកុម្ភៈ នៅ​ខេត្ត​មណ្ឌលគិរី លោក ផេង មុត្ថាវី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​ប្រាប់ថា ក្រសួង​មាន​មោទនភាព​ដែល​បានឃើញ​វិស័យ​កៅស៊ូ​ធម្មជាតិ​នៅ​កម្ពុជា​បាន​បោះជំហាន​ទៅមុខ​មួយ​យ៉ាងសំខាន់​ក្នុងការ​ប្តេជ្ញាចិត្ត​ចំពោះ​ភាពជា​ដៃគូ​ពហុភាគី​សម្រាប់​ខ្សែចង្វាក់​តម្លៃ​កៅស៊ូ​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

លោក​និយាយថា​ “កៅស៊ូ​ត្រូវបាន​ចាត់ទុកជា​មាសស ហើយ​ផលិតកម្ម​កៅស៊ូ​ជា​ឧស្សាហកម្ម​ដ៏សំខាន់​មួយ​ដែល​ត្រូវបាន​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​ បន្ទាប់ពី​ផលិតកម្ម​ស្រូវ និង​ជា​ដំណាំ​យុទ្ធសាស្ត្រ​ដែល​បាន​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ សង្គម និង​បរិស្ថាន ពិសេស​រួមចំណែក​ក្នុងការ​បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​កសិករ បង្កើត​ការងារ និង​មុខរបរ​នៅ​តំបន់​ទីជនបទ ហើយ​ចូលរួម​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​”។

លោក សេង ទៀក នាយក​អង្គការ WWF បាន​ប្រាប់ថា នេះ​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​ធ្វើឱ្យ​អាចឈាន​មកដល់​ចំណុច​បច្ចុប្បន្ននេះ​។ តួអង្គ​ពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់​មាន​ទាំង​វិស័យ​សាធារណៈ ឯកជន សហគមន៍​មូលដ្ឋាន ក្រុម​អ្នកស្រាវជ្រាវ និង​សង្គម​ស៊ីវិល​។

លោក​បន្ថែមថា ដំណើរការ​នៃ​ភាពជា​ដៃគូ​ពហុភាគី​ដែល​ប្រព្រឹត្ត​ទៅ​យ៉ាងសកម្ម នឹង​អាច​គាំទ្រ​ដល់​តម្លាភាព និង​ការតាមដាន​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​កៅស៊ូ ក៏​ដូច​លើកកម្ពស់​ការអនុវត្ត​ធុរកិច្ច​ដោយ​និរន្តរភាព និង​យុត្តិធម៌ ព្រមទាំង​បង្កើន​ទិន្នផល​កៅស៊ូ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here