កម្ពុជាចំណាយប្រាក់រហូតដល់១០០លានដុល្លារទិញអគ្គិសនីពីប្រទេសឡាវ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ប្រធានអគ្គិសនីកម្ពុជាលោកកែវ រតនៈ បានបញ្ជាក់ថា បច្ចុ​ប្បន្ននេះកម្ពុជា បានចំណាយថវិកាទិញអគ្គិសនី ពីប្រទេសឡាវប្រមាណ ១០០លានដុល្លារក្នុង១ឆ្នាំ ដើម្បីផ្គត់ផ្គង់ភ្លើងក្នុងស្រុក។

ក្រៅពីប្រទេសឡាវ កម្ពុជា ក៏ទិញអគ្គិសនីពីប្រទេសថៃ និងវៀតណាមផងដែរ។ ប៉ុន្តែកម្រិតនៃការទិញអគ្គិសនីពីក្រៅប្រទេសនេះ គឺក្រោម២៥% ប្រចាំឆ្នាំ។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា (EDC) មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការកំណត់នៃការនាំចូលអគ្គិសនី មិនឲ្យលើស២៥%នេះ ដោយសារដើម្បីរក្សាសន្តិសុខថាមពលរបស់ជាតិ។ លោកបន្តថា រដ្ឋខិតខំបង្កើនថាមពលក្នុងស្រុក ​មានន័យថាថាមពលពីខាងក្រៅ គ្រាន់តែជាថាមពលបំពេញបន្ថែមឲ្យថាមពលក្នុងស្រុក មិនមែនជាការជំនួសនោះទេ ពោលគឺឆ្អឹងខ្នងធំនៅតែជាផលិតផលក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចូលអគ្គិសនីពីខាងក្រៅនេះ គឺទី១ បំពេញបន្ថែមការខ្វះខាត និងទី២ បន្ថយការប៉ះពាល់បរិស្ថាន។
លោកពន្យល់ថា “បើសិនជាយើងធ្វើទាំងអស់ យើងត្រូវទៅបិទទន្លេ បិទភ្នំ ការបិទទន្លេ បិទភ្នំ លុះត្រាតែចាំបាច់ ដែលមានប្រយោជន៍ខ្លាំងដល់ជាតិទើបរដ្ឋធ្វើ បើមិនចាំបាច់ខ្លាំងទេ យើងយកពីគេមកតិចតួច ដើម្បីបំពេ​ញបន្ថែម ជៀសវាងការធ្វើឲ្យប៉ះពាល់បរិស្ថាន ធ្វើដូចនេះគឺចំណេញជាង”។

ប្រធានអគ្គិសនី បានឲ្យដឹងទៀតថា ទោះជាប្រទេសជិតខាងលក់អគ្គិសនីឲ្យកម្ពុជា ប៉ុន្តែប្រទេសទាំងនោះ ក៏នៅតែទិញភ្លើងពីប្រទេសជិតខាងគេដែរ ដូចជា វៀតណាមលក់ភ្លើងឲ្យកម្ពុជា ប៉ុន្តែប្រទេសនេះ ក៏ទិញភ្លើងពីឡាវ ចិន បន្ថែម។ ចំណែកថៃលក់ភ្លើងឲ្យកម្ពុជា តែថៃក៏ទិញភ្លើងពីឡាវ និងភូមាជាដើម។ រីឯឡាវ លក់ភ្លើងឲ្យកម្ពុជា តែឡាវខ្លួនឯង ក៏ទិញភ្លើងអគ្គិសនីពីថៃផងដែរ។ ចរន្តនៃការដោះដូរថាមពលនេះ គឺដើម្បីចំណេញទៅចំណេញមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here