កម្ពុជា កាណាដាមានគោលដៅបង្កើតFTA ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងជាបន្តបន្ទាប់

ដោយៈ លក្ខិណា

ភ្នំពេញៈ មន្រ្តីជានខ្ពស់ក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតកាណាដាបានលើកឡើងពី គោលដៅចចារលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី(FTA) រួមគ្នានាពេលខាងមុខ ខណៈទំហំំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងកើនឡើង។

ក្នុងជំនួបជាមួយ លោកស្រីSarah Taylor ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកាលពីថ្ងៃទី១០ កុម្ភៈកន្លងមក លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងកាណាដាមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាបានាំចេញ ទៅប្រទេសកាណាដាក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី មានំហំទឹកប្រាក់រហូតដល់៩៥៤,៨២លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិបានស្នើដល់ភាគីកាណាដាពិនិត្យលទ្ធភាព ក្នុងការសិក្សាទៅលើលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេរ​ភាគីកម្ពុជា កាណាដា និងស្នើឱ្យមានការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលបានវិនិយោគនៅក្នុងប្រទេសនិងឡាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP  ដែលកម្ពុជាទើបសម្រេចបាននាពេលថ្មីៗនេះ។

លើសពីនេះ កម្ពុជាបានធ្វើកំណែទម្រង់ និងកសាងច្បាប់ថ្មីៗជាច្រើន សំដៅជួយសម្រួល ដល់បរិយាកាសធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងផងដែរ។

លោកប៉ាន សូរស័ក្តិបានបន្ថែមថា កម្ពុជាតែងតែគាំទ្រវិនិយោគិនកាណាដាដែលកំពុងវិនិយោគនៅកម្ពុជា ជាក់ស្ដែង ធនាគារ ABA បានស្ថិតក្នុងលំដាប់ទី៣ នៃធនាគារនាំមុខគេនៅកម្ពុជា ហើយក្រុមហ៊ុនធានារ៉ាប់រងព្រូដិនស្យល់វិញ ក៏បានទទួលអាជ្ញាប័ណ្ណ និងចែករំលែកចំណេះជំនាញរបស់ខ្លួនដល់កម្ពុជាផងដែរ ។

លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកម្ពុជា បានឱ្យដឹងថាកាណាដានឹងជំរុញការចរចារ ពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងពិនិត្យលទ្ធភាពលើការសិក្សា ទៅលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា -កាណាដា ព្រោះកិច្ចការនេះជាកិច្ចការស្របគ្នា ជាមួយគោលនយោបាយពាណិជ្ជកម្ម របស់កាណាដា ក្រោមរដ្ឋបាលថ្មី ដែលត្រូវបង្កើនពាណិជ្ជកម្មរបស់ខ្លួន ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកស្រីបន្តថា ភាគីកាណាដាគាំទ្រជានិច្ច ចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ម្យ៉ាងទៀត លោកជំទាវសន្យាថា នឹងយកសំណើខាងលើទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញមន្រ្តីរបស់ខ្លួនឱ្យធ្វើការជាមួយកម្ពុជា ឱ្យកាន់តែជិតស្និតបន្ថែមទៀត សំដៅនាំយក និងបង្កើតបានគម្រោងជាក់លាក់ ក្រោមកិច្ចសហប្រតិបត្តិការក្របខណ្ឌ CTIF ព្រមទាំងដើម្បីធ្វើកាលើកសំណើ ជំនួយបច្ចេកទេសពីគម្រោង CTIF របស់រដ្ឋាភិបាលកាណាដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here