ដោយៈម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ឋដាបាននិងកំពុងត្រៀម ចាប់ផ្តើមប្រមូលពន្ធទៅពាណិជ្ជកម្មតាមអនឡាញ ពីក្រុមហ៊ុនបរទេសធំៗ ដែលកំពុងធ្វើពាណិជ្ជកម្មតាមអនឡាញ ដូចជាក្រុមហ៊ុន Facebook ក្រុមហ៊ុន Netflix ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោកគង់ វិបុលបានថ្លែងនៅក្នុងកម្មវិធីពិសេសស្តីពី ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារកាលពីសប្តាហ៍មុនថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២តទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមអនុវត្តយកពន្ធទៅលើអាជីវកម្មអនឡាញ ដូចជាក្រុមហ៊ុន ហ៊ុន Facebook ក្រុមហ៊ុន Netflix ជាដើម។
លោកបានបន្តថា “មន្រ្តីពន្ធដារបានទទួលការស្នើសុំចុះបញ្ជី ពីភ្នាក់ងារក្រុមហ៊ុនទាំងនេះរួចហើយ ប៉ុន្តែដោយសារការរៀបចំ មិនទាន់រួចរាល់ភាគីក្រុមហ៊ុនសុំពន្យាពេលបីខែសិន”។
ទោះយ៉ាងណា លោកមិនទាន់អាចព្យាករណ៍ អំពីចំណូលពីវិស័យពាណិជ្ជកម្មតាមអនឡាញនេះបាននៅឡើយទេ។
លោកគង់ វិបុល បញ្ជាក់ថា មានតែការបង្កើតឲ្យមានច្រកទ្វារ internet Gateway ដើម្បីគ្រប់គ្រង និងពង្រឹងលើការប្រមូលពន្ធ ពីការធ្វើពាណិជ្ជកម្មតាមអនឡាញនេះ ឱ្យមានប្រសិទ្ធភាព ទើបអាចដឹងចំណូលជាក់លាក់ពីវិស័យនេះ។
លោកបញ្ជាក់ថា អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកកម្ពុជា ត្រូវរួសរាន់មកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។
ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានមក ធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនអគ្គនាយកដ្ឋានពន្ធដារ ឱ្យបានទាន់ពេលវេលា ត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
ក្រុមហ៊ុន Facebook និង Netflix បានកើបលុយនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនបានបង់ពន្ធជូនរាជរដ្ឋាភិបាល ខណៈដែលប្រជាពលរដ្ឋខ្មែរ រាប់លាននាក់កំពុងប្រើប្រព័ន្ធនេះ៕