ក្នុង​​ខែ​មករា​នេះ កម្ពុជានាំអង្ករចេញបានជាងប្រាំម៉ឺនតោន ស្មើទឹកប្រាក់ជិត៣៦លានដុល្លារ

ដោយ៖​សូរិយា

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា គិតក្នុងខែមករា ពោលរយៈពេល១ខែដំបូង ដើមឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករចំនួនសរុប ៥៣ ០៣៦តោន គិតជាទឹកប្រាក់ចំនួន ៣៥.៧២លានដុល្លារអាម៉េរិក ទៅកាន់គោលដៅទីផ្សារចំនួន៣៤ប្រទេស។

តាម​របាយការណ៍​ដដែលបានឱ្យ​ដឹងទៀតថា សម្រាប់គោលដៅទីផ្សារចំនួន៣៤ ក្នុងនោះប្រទេសចិន និងតំបន់ស្វយ័តហុងកុង បានស្រូបយកចំនួនជាង ៥៨,៧៩% ឬ ស្មើនឹង ៣១ ១៨១តោន ប្រទេសចំនួន១៦ នៅក្នុងទ្វីបអ៊ឺរ៉ុបបានចំនួន ១២ ៥៤២តោន ឬស្មើនឹង ២៣,៥៨% ប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៣ ចំនួន ៦ ២៧៧តោន ឬស្មើនឹង ១១,៨៤% និងគោលដៅផ្សេងចំនួន១៣ ប្រទេស និងតំបន់បានចំនួន ៣ ០៧២តោន ឬស្មើនឹង ៥,៥២%។ បរិមាណអង្ករនាំចេញនេះគឺមានកំណើនចំនួន ៥៤,៧៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្នុងខែមករា នេះដែរ ការនាំចេញស្រូវមានចំនួន ២៧៥ ៥១១ តោន គិតជាទឹកប្រាក់ប៉ាន់ស្មានមានប្រមាណជា ៦០,៦១ លានដុល្លារសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករទៅកាន់គោលដៅសរុបចំនួន ៥៦ប្រទេស និងតំបន់បានបរិមាណចំនួន ៦១៧ ០៦៩តោន គិតជាទឹកប្រាក់ចំនួន ៤១៨ លានដុល្លារ និងបាននាំស្រូវចេញចំនួន ៣ ៥២៧ ៤១៨តោន គិតជាទឹកប្រមាណ ៨៤៥,៩៥លានដុល្លារ។ ទីផ្សារប្រទេសចិនរួមទាំងតំបន់ស្វយ័តចិនហុងកុង និងម៉ាកាវជាទីផ្សារអង្ករធំជាងគេដែលកម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣០៩ ៧០៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៨,.៦៩លានដុល្លារ ដែលបរិមាណនេះ គឺគ្របដណ្តប់លើ ៥០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ទីផ្សារប្រទេសក្នុងសហគមន៍អឺរ៉ុបចំនួន២៤ កម្ពុជានាំអង្ករចេញសរុបបានចំនួន ១៦៥ ៥១៣តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ១១៩,៣៩ លានដុល្លារ ហើយអង្ករចំនួន ៦៣ ១៦៥តោន ឬស្មើ ១០% បាននាំចេញទៅកាន់ប្រទេសអាស៊ានចំនួន៧ ដែលគិតជាទឹកប្រាក់ចំនួន ៤២,៤០លានដុល្លា។ ដោយឡែក ការនាំចេញស្រូវ គឺបានធ្វើការនាំចេញតាមព្រំដែន ជាពិសេសទៅកាន់ប្រទេសវៀតណាមបានចំនួនជាង ៣,៥៣លានតោន ដែលគិតជាទឹកប្រាក់មានចំនួនប្រមាណ ៨៤៥,៩៥លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here