UN គ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ ៧៧លានដុល្លារអាមេរិកដល់កម្ពុជានៅឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ សម្រាប់ឆ្នាំ២០២១ ប្រព័ន្ធអង្គការសហប្រជាជាតិ បានបើកផ្តល់ហិរញ្ញប្បទាន សរុបចំនួនប្រមាណ៩២,១០លានដុល្លារអាមេរិក និងគ្រោងប្រមាណ៧៧ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដោយយោងតាម Cambodia ODA Databaseរបស់អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នេះបើតាមការលើកឡើងរបស់លោកស្រី ប៉ូលីន ថាមេស៊ីស អ្នកសម្រ​បសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (United Nations Resident Coordinator) ក្នុងពិភាក្សាការងារជាមួយលោក ឈៀង យ៉ាណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

គោលបំណងនៃជំនួបពិភាក្សានេះ ដើម្បីពិនិត្យលើវឌ្ឍនភាពប្រចាំឆ្នាំ២០២១ ក្នុងការអនុវត្តក្របខណ្ឌ ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ២០១៩-២០២៣ ការត្រៀមរៀបចំការវាយតម្លៃលទ្ធផលនៃការអនុវត្ត UNDAF 2019-2023 និងផែនទីចង្អុលផ្លូវក្នុង ការរៀបចំក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ។

លោកស្រី ប៉ូលីន ថាមេស៊ីស បានធ្វើការសង្ខេបពីវឌ្ឍនភាព និងលទ្ធផលការអនុវត្ត UNDAF ឆ្នាំ២០២១ ដែលសម្រេចបានលទ្ធផលដូច ដែលបានគ្រោងទុក។ ចំពោះការបើកផ្តល់ហិរញ្ញប្បទាន សម្រាប់ឆ្នាំ២០២១ ប្រព័ន្ធអង្គការសហប្រជាជាតិ បានបើកផ្តល់សរុបចំនួន ប្រមាណ៩២,១០ លានដុល្លារអាមេរិក និងគ្រោងប្រមាណ៧៧លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដោយយោងតាម Cambodia ODA Databaseរបស់គ.ជ.នា/ក.អ.ក ។
ប្រព័ន្ធអង្គការសហប្រជាជាតិ ស្នើសុំរៀបចំកិច្ចប្រជុំពិនិត្យរួមគ្នា រវាងរាជរដ្ឋាភិបាល និងប្រព័ន្ធអង្គការសហប្រជាជាតិ លើរបាយការណ៍លទ្ធផលនៃការអនុវត្ត UNDAF ប្រចាំឆ្នាំ២០២១ និងផែនការ សកម្មភាពឆ្នាំ២០២២ នៅកំឡុងត្រីមាសទី២ ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការអនុវត្តUNDAF2019-2023 នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៣ ប្រព័ន្ធ​អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងជ្រើសរើសស្ថាប័នឯករាជ្យ ដើម្បីរៀបចំការវាយតម្លៃ លទ្ធផលនៃការអនុវត្ត UNDAF 2019-2023 ដោយ សហការជាមួយនឹងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ។

ប្រព័ន្ធអង្គការសហប្រជាជាតិ នឹងរៀបចំនូវឯកសារ Common Country Analysis (CCA) ដើម្បីសិក្សាវិភាគអំពីស្ថានភាពប្រចាំប្រទេសក្នុងការ ឆ្ពោះទៅសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចការទាំងនេះ គ្រោងនឹងចាប់ផ្តើមនៅចុងខែមករា និងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here