កម្ពុជានិងរុស្ស៉ីកំពុងស្វែងរកការចរចារលើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ

ដោយ: សុធារី

ភ្នំពេញ៖ កម្ពុជាបានសំណូមពរឱ្យធុរជន និងអ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី មកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន និងជួយជំរុញការចរចាបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) នាពេលខាងមុខផងដែរ។

នេះបើតាមការស្នើសុំរបស់លោក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលរួមកម្មវិធីប្រារព្ធទិវាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៏ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ក្នុងជំនួបទ្វេភាគីជាមួយលោកអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះបានឱ្យដឹងថា នៅក្នុងជំនួបនោះលោក ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល ២ទស្សវត្សចុងក្រោយនេះ និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការទាក់ទាញការវិនិយោគ និងការចរចាបើកច្រកទីផ្សារថ្មីៗក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម និងការសម្រេចបានរបស់កម្ពុជាលើការចាក់វ៉ាក់សាំង ដែលជាកត្តាជំរុញដំណើរការសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងបើកប្រទេសឡើងវិញ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍ សំដៅស្តារសកម្មភាពសេដ្ឋកិច្ចទ្បើងវិញ ក្រោយវិបត្តិកូវីដ-១៩។

លោកបានសំណូមពរឱ្យធុរជន និងអ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី មកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យផលិតយានយន្តកសិកម្ម វិស័យផលិត និងកែច្នៃម្ហូបអាហារ វិស័យដឹកជញ្ជូននិងភស្តុភារ វិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងវិស័យផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាដើម។ លោកក៏បានស្នើឱ្យភាគីរុស្ស៊ី ជួយជំរុញការចរចាបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) នាពេលខាងមុខផងដែរ។

ជាការឆ្លើយតប លោកអនុរដ្ឋមន្រ្តីរុស្ស៊ី បានទទួលយកសំណើររបស់លោករដ្ឋមន្រ្តីកម្ពុជា ដោយសន្យាថា នឹងពាំនាំយកសំណើរបស់កម្ពុជាទៅ ផ្សព្វផ្សាយជូនធុរជន អ្នកទេសចរណ៍របស់សហព័ន្ធរុស្ស៊ី ដើម្បីមកធ្វើទស្សនៈកិច្ច និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ភាគីរុស្ស៊ីនឹងបន្តធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន ដោយស្នើឱ្យវិស័យពាក់ព័ន្ធនានា ដូចជាវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស័យផលិតយានយន្តកសិកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវិស័យអប់រំ ជាដើម ធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here