កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅចុងឆ្នាំ២០២២

ដោយ៖ សុធារី

ភ្នំពេញ៖ នៅអំឡុងខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងទទួលរៀបចំ “មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក” នៅខេត្តព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង។

យោងតាមសារលិខិតរបស់លោក ប៊្រុយណូ បូដាដ (Bruno BODARD) អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលបានផ្ញើមកកាន់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោក ប៊្រុយណូ បូដាដ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតពិភពលោករបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

អគ្គនាយកក្លឹបឆ្នេរ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ឬកម្មវិធីណាមួយនៃអង្គមហាសន្និបាត ដែលគ្រោងរៀបចំនាកំឡុងខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ភ្ជាប់ជាមួយរមណីយដ្ឋានតារាសាគរ ក្នុងខេត្តកោះកុង។
លោក ប៊្រុយណូ បូដាដ បានបញ្ជាក់ទៀតថា មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះ នឹងក្លាយជាឱកាសដ៏ល្អដើម្បីបង្ហាញដល់ប្រទេសជាសមាជិកក្លឹបឆ្នេរនូវគំរូពិសេសក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលសម្រេចបានដោយកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា លោក ប៊្រុយណូ មានការកោតសរសើរចំពោះកម្ពុជាយ៉ាងខ្លាំង ការជ្រើសរើសប្រទេសកម្ពុជាជាទីតាំងរៀបចំមហាសន្និបាតក្លឹបឆ្នេរនេះ មិនមែនជារឿងចៃដន្យនោះឡើយ។

លោកអគ្គនាយកក្លឹបឆ្នេរមានសុទិដ្ឋិនិយមថា ឆ្លងតាមបទពិសោធន៍នៃការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ក្នុងខែមករា ឆ្នាំ២០២២នេះ កម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរ គឺកម្ពុជារៀបចំបានល្អទាំងការគ្រប់គ្រងផ្នែកសុខាភិបាល សុវត្ថិភាព សណ្ដាប់ធ្នាប និងការទទួលបដិសណ្ឋារកិច្ចបានល្អគ្រប់ជ្រុងជ្រោយ។
អ្វីដែលសំខាន់គឺប្រទេសកម្ពុជាជាប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ ពិសេសការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រគឺប្រកបដោយវឌ្ឍនភាព និងវិបុលភាពឆ្ពោះទៅមុខបានល្អ។ ម្យ៉ាងវិញទៀត ក្នុងដំណាក់វិបត្តិកូវីដ១៩នេះ កម្ពុជាមានការគ្រប់គ្រងប្រទេសបានយ៉ាងល្អប្រសើរ បានការពារសុខមាលភាពប្រជាជន និងភ្ញៀវទេសចរ រហូតក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងពិភពលោក។

លោក នី ផល្លី បានបញ្ជាក់ថា មហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកតែងប្រារព្ធឡើងក្នុងមួយឆ្នាំម្ដង ប៉ុន្តែដោយសារការរំខានពីការរីករាលដាលជំងឺកូវីដ១៩នៅទូទាំងពិភពលោក គេក៏បានផ្អាកជាបន្តបន្ទាប់អស់រយៈពេល២ឆ្នាំ ដូច្នេះការរៀបចំមហាសន្និបាតនៅកម្ពុជានាចុងឆ្នាំនេះ ជាព្រឹត្តិការណ៍ធំលើកដំបូងរបស់ក្លឹបឆ្នេរបន្ទាប់ពីផ្អាករយៈពេល២ឆ្នាំនោះ។

ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៧ ដែលមានស្នាក់ការកណ្តាលនៅទីក្រុងវ៉ាន (Vannes) នៃប្រទេសបារាំង។ បច្ចុប្បន្នមានប្រទេសជាសមាជិកចំនួន២៦ប្រទេស រួមមាន ប្រទេសកម្ពុជា ចិន កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន វៀតណាម អ៊ីស្រាអែល បារាំង អេស្ប៉ាញ ក្រិក ម៉ុងតូណេក្រូ ក្រូអាស៊ី ព័រទុយហ្កាល់ តួកគី កាណាដា សហរដ្ឋអាមេរិក ម៉ិកស៉ិក សាធារណរដ្ឋដូមីនិក ប្រេស៊ីល កូឡុំប៊ី កាប់វែរ ម៉ាដាហ្កាស្កា ម៉ារ៉ុក អង់ហ្គោឡា ម៉ូសំប៊ិក និងសេណេហ្កាល់។ ក្នុងចំណោមប្រទេសទាំង២៦នេះ គឺមានឆ្នេរសមុទ្រសរុបចំនួន៤៤ឆ្នេរដែលបានចូលជាសមាជិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here