ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនធំមួយគឺក្រុមហ៊ុន YEBISS HOLDINGS បាននិងកំពុងវិនិយោគលើដំណាំស្វាយចន្ទីលើផ្ទៃដី១ពាន់ហិចតា ក្នុងខេត្តព្រះវិហារ និងបង្កើតរោងចក្រកែច្នៃផលិតផលស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។
លោក Akira Taniguchi នាយកក្រុមហ៊ុន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានមានប្រសាសន៍ថា ការវិនិយោគនេះមានគោលបំណងសំខាន់៣ គឺ ទី១ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរ ជាតិផ្សេងទៀត ទី២ កែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់។ល។ ជំនួសឱ្យវត្ថុប្លាស្ទីកដែលកំពុងបំផ្លាញបរិស្ថាន។ អ្វីដែលមានសារៈសំខាន់បំផុតនោះគឺផលិតផលជាកំប៉ុង ដប ថង់ ។ល។ ដែលផលិតចេញជាប្រេងពីសំបកគ្រាប់ស្វាយចន្ទី នឹងអាចរលាយយ៉ាងងាយស្រួលបំផុតទៅក្នុងដី ក្រោយពេលបានប្រើប្រាស់រួច។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា គម្រោងវិនិយោគនេះ នឹងនាំមកនូវពហុប្រយោជន៍យ៉ាងច្រើនដល់កសិករ សហគមន៍ និងចម្ការស្វាយចន្ទី តាមរយ:ការផ្សព្វផ្សាយបច្ចេកទេស ពូជ ជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ និងជាពិសេសប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមដ៏មានតម្លៃមួយនេះ បង្កើតការងារ និងបង្កើនប្រាក់ចំណូល ដែលនេះ ប្រាកដជានឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ ឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។
លោក វេង សាខុន បានផ្តល់យោបល់ឱ្យក្រុមហ៊ុន បង្កើតរោងចក្រជាជំហានដំបូង ជាការសាកល្បងប្រើប្រាស់វត្ថុធាតុដើម (សំបក) បន្ទាប់មកធ្វើកិច្ចសន្យាប្រមូលទិញពីប្រជា កសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនទៀត សំខាន់ជាងនេះគឺស្រូបយកពលកម្មក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូល។
បើតាមលោករដ្ឋមន្ត្រី ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យ ទីមួយគឺមានឈ្មោះល្បីលើឆាកអន្តរជាតិថាកម្ពុជាយកសំបកគ្រាប់ស្វាយចន្ទីធ្វើជាប្រេង និងទីពីរកម្ពុជាយកសំបងគ្រាប់ស្វាយចន្ទីជាប្រយោជន៍សម្រាប់វិស័យឧស្សាហកម្មប្លាស្ទីក កែច្នៃជាសម្ភារប្រើប្រាស់ជាពហុប្រយោជន៍ ដែលពីមុនវាមានតម្លៃស្នើសូន្យ៕