វិស័យរដ្ឋនិងឯកជនពិភាក្សាបង្គើតសេចក្តីព្រាងចំនួន៤ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ធុរកិច្ចសុចរិត ដើម្បីការពារអ្នកប្រើប្រាស់

ដោយ៖ សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់(GIZ)“ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន” និងគាំទ្រដោយការិយាល័យច្បាប់សិដ្ឋាល័យ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់គ្នា ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងចំនួន៤ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ធុរកិច្ចសុចរិត គឺការពារអ្នកប្រើប្រាស់។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងប្រមែប្រមូលមតិយោបល់ពីគ្រប់ជ្រុងជ្រោយតាមដែលអាចធ្វើទៅបាន ដើម្បីកែលម្អនូវសេចក្តីព្រាងឯកសារសំខាន់ៗ ដែលនឹងត្រូវប្រើជាមធ្យោបាយសម្រាប់ណែនាំដល់ធុរកិច្ច អាជីវកម្ម ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរឡើង និងផ្តោតទៅលើការបង្កើតកម្មវិធីជាតិការពារអ្នកប្រើប្រាស់ (NCPP) ដ៏ពេញលេញមួយ។

លោកបានបន្តថា ការបង្កើតឡើងនូវឯកសារគតិតយុត្ត និងការជំរុញឱ្យមានអនុវត្តច្បាប់ការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ មិនត្រឹមតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការបន្ទាន់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយទាំងក្នុងតំបន់ និងអន្តរជាតិផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ


លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះ ក៏នឹងចែករំលែកនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងធ្វើការប្រមូលនូវធាតុចូលពីបុគ្គល ស្ថាប័នពាក់ព័ន្ធ លើសេចក្តីព្រាងឯកសាររដ្ឋាភិបាលសម្រាប់ប្រធានបទចំនួន៤ ដូចជា កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ គោលការណ៍ណែនាំស្តីពីគម្រោងលក់បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត ប្រកាសស្តីពីកិច្ចសន្យាមិនសុចរិត និងប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់។

កម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អាសិប(RCEP) ដែលទើបតែចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២ ដោយកម្ពុជានឹងទទួលបាននូវផលប្រយោជន៍ច្រើន បូករួមទាំងឱកាសក្នុងការពង្រីវិស័យធុរកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកទៀតផង ប្រសិនបើកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាគោលការណ៍ប្រកួតប្រជែងដោយសុចរិតត្រូវបានអនុវត្តយ៉ាងសកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here