ប្រទេសឡាវសាងសង់ព្រលានយន្តហោះនៅតំបន់ត្រីកោណមាស និងត្រៀមបើកដំណើរការ

ដោយៈ សុផារី

ប្រទេសឡាវៈ ឡាវគ្រោងនឹងបញ្ចប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីមួយ ក្នុងខេត្តបរកែវ និងត្រៀមបើកដំណើរការ នៅខែមីនាឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times ក្នុងថ្ងៃទី៦ ខែមករានេះថា វិទ្យុជាតិឡាវបានរាយការណ៍ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ ក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ជិតបញ្ចប់ហើយ និងត្រូវបានគេរំពឹងថា នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។

តាមប្រភពដដែល ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ ក្នុងដំណាក់កាលដំបូង ចំណាយទឹកប្រាក់១៥០លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Khamphaya Phompanya អភិបាលរងខេត្តបរកែវ បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា អាកាសយានដ្ឋានអន្តរជាតិថ្មីមានសក្ដានុពលសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបកែវកាន់តែច្រើន។

លោកបន្តថា “ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិបរកែវបានដំណើរការសាងសង់ អស់រយៈពេលពីរឆ្នាំហើយ ។ ព្រលានយន្តហោះបានសាកល្បងការហោះហើរ និងការចុះចតនៅកន្លែងក្នុងអាកាសយានដ្ឋាន ក៏ដូចជាត្រួតពិនិត្យប្រព័ន្ធទំនាក់ទំនង និងបរិក្ខារក្នុងអាកាសយានដ្ឋាន”។

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lao Airlines និង Lao Skyway បានសាកល្បងការហោះហើរ យន្តហោះរបស់ពួកគេ ទៅកាន់អាកាសយានដ្ឋានថ្មីរួចរាល់ហើយ។

អាកាសយានដ្ឋាននេះ មានផ្លូវរត់ប្រវែង២,៥គីឡូម៉ែត្រ ដែលអាចផ្ទុកយន្តហោះធុនតូចទៅមធ្យម ដូចជាយន្តហោះ Airbus A320 និង Boeing B737 ដែលនឹងអាចចុះចតបានស្របតាមស្តង់ដារអន្តរជាតិបាន។
អាកាសយានដ្ឋានអន្តរជាតិបរកែវ ស្ថិតក្នុងភូមិស៊ឹមង៉ាន់ ស្រុកទនភឿង ចម្ងាយប្រហែល៥គីឡូម៉ែត្រ ពីតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស។

ខេត្តបរកែវជាខេត្តជាប់ព្រំដែនមួយ ក្នុងប្រទេសឡាវ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃផង និងប្រទេសមីយ៉ាន់ម៉ាផង ដែលត្រូវបានគេ ឱ្យឈ្មោះថា ជាតំបន់ត្រីកោណមាស Golden Triangle Special Economic Zone៕

LEAVE A REPLY

Please enter your comment!
Please enter your name here