កម្ពុជានាំចេញផលិតផលកសិកម្មបានជាង៣៥លានតោននិងទឹកប្រាក់ ជាង១០ពាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ កម្ពុជាផលិតបាននូវដំណាំកសិកម្មនៅទូទាំងប្រទេសសរុបចំនួន ៣៥,៩៧លានតោន ធៀបនឹងឆ្នាំ២០២០ មានកំណើន២៣ភាគរយ ហើយបើគិតជាទឹកប្រាក់ ដែលបានមកពីការផលិតកម្មដំណាំកសិកម្មមានចំនួន១០,៥៦ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ​កម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយនៅល្ងាចថ្ងៃទី៤ មករា ២០២២កន្លងមកបានឲ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាផលិតស្រូវបានចំនួនជាង១២លានតោន កើនឡើង១១,៦៣ភាគរយ ដំណាំសាកវប្បកម្មមានចំនួនជាង៤លានតោន និងដំណាំឧស្សាហកម្ម មានចំនួន១៩,១៥លានតោន ដែលក្នុងនោះមានដំឡូងមី ពោតក្រហម ដំណាំអំពៅ គ្រាប់ស្វាយចន្ទី ដូងជាដើម។

លោកបានបង្ហាញផងដែរថា តាមការប៉ាន់ស្មានតម្លៃទឹកប្រាក់ ដែលទទួលបាន ពីផលិតកម្មដំណាំកសិកម្ម មានទំហំ១០,៥៦ពាន់លានដុល្លារ ដោយក្នុងនោះតម្លៃទទួលបាន ពីការនាំចេញផលិតផលកសិកម្មមានវិញ្ញា​បនបត្រ មានទឹកប្រាក់៣,៩៥ពាន់លានដុល្លារអាមេរិក កើនឡើងរហូតដល់១០៥,៤៣ភាគរយ តម្លៃទទួលបានពីការនាំចេញ កសិផលគ្មានវិញ្ញា​បនបត្រមានចំនន៩៥៩លានដុល្លារអាមេរិក ថយចុះ៣៦,២៩ភាគរយ ។

ដោយឡែកសម្រាប់ទីផ្សារក្នុងស្រុកវិញ មានទឹកប្រាក់ប្រមាណ៥,៦៤ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២០មានកំណើន២៥,៤៤ភាគរយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានឱ្យដឹងថា កម្ពុជាបានផ្លាស់ប្តូរពីការធ្វើកសិកម្ម បែបគ្រួសារទៅជាកសិកម្មទីផ្សារ ដោយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផង។ ក្នុងឆ្នាំ២០២១វិស័យកសិកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិ និងបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កសិករកម្ពុជា ខណៈពលរដ្ឋដែលបាត់បង់ការងារ ក្នុងវិបត្តិនៃកូវីដ១៩ បានទៅប្រកបរបរកសិកម្ម សម្រាប់រកចំណូលផ្គត់ផ្គង់គ្រួសារវិញ ។

របាយការណ៍របស់ធនាគារពិភពលោកក៏បានបញ្ជាក់ថា វិស័យកសិក​ម្មកម្ពុជា នៅតែមានសារសំខាន់ ក្នុងការរួមចំណែកដល់សេដ្ឋកិច្ច ខណៈប្រជាជនកម្ពុជាជាច្រើន នៅតែប្រកបរបរកសិកម្ម និងបានធ្វើទំនើបកម្មវិស័យកាន់តែខ្លាំង ដើម្បីបង្កើនផលិតភាព សម្រាប់នាំចេញនិងផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here