វិនិយោគិនកូរ៉េមួយក្រុមបង្ហាញពីបំណងវិនិយោគបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញៈ វិនិយោគិនកូរ៉េមួយក្រុម បានមកសិក្សាស្វែងយល់ដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា ដើម្បីបណ្ដាក់ទុនវិនិយោគ លើវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងជួយកម្ពុជា កាន់តែមានភាពជឿនលឿនលើផ្នែកបច្ចេកវិទ្យាឌីជីថលនេះផងដែរ។

ក្នុងជំនួបជាមួយលោកសំម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី២៩ ធ្នូ២០២១នេះ លោក ណា ចុងសិក តំណាងក្រុមហ៊ុនធំមួយរបស់កូរ៉េ ( W&K ) និងជាតំបន់វិនិយោគិនកូរ៉េបានលើកឡើងថា ការដែលក្រុមហ៊ុនលោក មកកម្ពុជានាពេលនេះ ដើម្បីសិក្សាស្វែងយល់សក្ដានុពលវិនិយោគនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដែលក្រុមហ៊ុនមានបំណង និងចក្ខុវិស័យក្នុងការបណ្ដាក់ទុនវិនិយោគ លើបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា ។

លោកបន្តថា ពួកយើងមានជំនាញផ្នែកព័ត៌មានវិទ្យា ហើយក៏ចង់ឱ្យកម្ពុជាកាន់តែមានភាពទំនើបកម្ម លើផ្នែកបច្ចេកវិទ្យាឌីជីថលនេះដែរ ដោយពួកយើងជឿជាក់ថា ពួកយើងនឹងជួយកម្ពុជាឆ្ពោះទៅមុខមួយកម្រិត ខណៈក្រុមហ៊ុនរបស់ពួកយើងមានជំនាញ លើផ្នែកនេះច្បាស់លាស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា ក្រុមការងាររបស់យើងបានរៀបចំ ឯកសារត្រឹមត្រូវរួចហើយទៅតាមច្បាប់របស់កម្ពុជា ដែលបានកំណត់ ប៉ុន្តែពួកយើងត្រូវមានការសហការជាមួយក្រសួងពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធររាជរដ្ឋាភិបាល ដើម្បី ដំណើរការវិនិយោគប្រព្រឹត្តិទៅបានរលូន។

លោកសំម៉ន បណ្ឌិត្យរដ្ឋលេខាធិការក្រសួងព័ត៌មានក៏បានឱ្យដឹងថា កម្ពុជាស្វាគមន៍ជានិច្ច មិនថាក្រុមហ៊ុនមកពីកូរ៉េមកពីប្រទេសកូរ៉េ ឬក្រុមហ៊ុនមកពីបណ្តាប្រទេសផ្សេងទៀត ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ ការមកបណ្តាក់ទុនវិនិយោគនេះ បានចូលរួមចំណែ​ក ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាមួយរដ្ឋាភិបាលផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here