សភាជប៉ុនអនុម័តកញ្ចប់ថវិកាជាង ៣០០ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច

ដោយៈសុខុម

តូក្យូ: សភាជប៉ុនកាលពីថ្ងៃច័ន្ទ ទី២០ ធ្នូ បានអនុម័តថវិកាដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលមានទំហំរហូតដល់ទៅ៣១៧ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

កញ្ចប់ថវិកាដ៏ធំសម្បើមនេះ គឺសម្រាប់ដោះស្រាយវិបត្តិកូវីដ-១៩ រួមមានការចំណាយលើវ៉ាក់សាំងកូវីដ-១៩ និងថ្នាំពេទ្យ ការផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលមានកូនក្នុងបន្ទុក ព្រមទាំងថវិកាសម្រាប់លើកកម្ពស់វិស័យទេសចរណ៍ផងដែរ។

កញ្ចប់ថវិកាបន្ថែមនេះ គឺធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយរដ្ឋាភិបាលជប៉ុន បានបញ្ចេញកញ្ចប់ថវិកាបន្ថែម ដល់ទៅ៣ក្នុងឆ្នាំសារពើពន្ធ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលជប៉ុន នឹងបោះផ្សាយមូលបត្របំណុល រហូតដល់ទៅប្រមា​ណ១៩៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដើម្បីយកដាក់បញ្ចូលក្នុងកញ្ចប់ថវិកាបន្ថែមថ្មីនេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានគូសបញ្ជាក់ថា កញ្ចប់ថវិកាបន្ថែម ដំបូងរបស់លោកលើកនេះ គឺមានបំណងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិបត្តិកូវីដ-១៩ ព្រមទាំងដោះស្រាយបញ្ហាហិរញ្ញវត្ថុសាធារណៈ របស់ប្រទេសនេះក្នុងរយៈពេលយូរ។

លោកបន្ថែមថា ទន្ទឹមនេះកញ្ចប់ថវិកានេះ ក៏មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ ធានាការផ្តល់ហិរញ្ញប្បទានសាជីវកម្ម ជំរុញកំនើននៅក្នុងការអភិវឌ្ឍបៃតង ការធ្វើឌីជីថលនីយកម្ម ការពង្រឹងសមត្ថភាពរោងចក្រផលិតបន្ទះឈីប និងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here