សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយ ៨៦.៦៦៤ដុល្លារអាមេរិក ដើម្បីអភិរក្សជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ

ដោយ: ម៉ាលីស

ព្រះវិហារៈ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានអោយដឹងថា ជំនួយដំណាក់កាលទី៣នេះ នឹងគាំទ្រដល់ការអភិរក្ស និងជួសជុលផ្នែកទី៦ និងផ្នែកទី៧ នៃជណ្តើរ និងចម្លាក់តោ២ ព្រមទាំងបន្តការងារថែទាំប្រព័ន្ធលូ។

ការជួសជុលជណ្តើរដំណាក់កាល ទី១ និងទី២ ត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៨-២០២១ ដោយផ្តល់ជំនួយសរុបចំនួន ៣២ម៉ឺនដុល្លារ។

លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy បាន ចូលរួមក្នុងពិធីចុះហត្ថលេខា នៅប្រាសាទព្រះវិហារ កាលពីថ្ងៃ ទី៨ ខែ ធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាព ក្នុងការប្រកាសពីការរួមចំណែកដ៏សំខាន់មួយ ក្នុងការជួយបន្ថែមទៀតក្នុងការអភិរក្សប្រាសាទព្រះវិហារដ៏អស្ចារ្យ”។លោកបន្តថា “សហរដ្ឋអាមេរិកនឹងបន្តជាដៃគូដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិរក្សអច្ឆរិយៈបុរាណរបស់ព្រះរាជាណាចក្រ”។

លោកជំទាវភឿង សកុណា មានប្រសាសន៍ថា “ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះជំនួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់គម្រោងដំណាក់កាលទី៣ នៃការអភិរក្ស និងជួសជុលជណ្តើរខាងជើងប្រាសាទព្រះវិហារ”។លោកជំទាវបន្តថា “ខ្ញុំជឿជាក់ថាការខិតខំប្រឹងប្រែងរួមគ្នារបស់យើង នឹងអាចរក្សាបាននូវស្នាដៃសិល្បៈនេះ សម្រាប់មនុស្សជំនាន់ក្រោយ ហើយវានឹងតំណាងឱ្យទំនាក់ទំនងវប្បធម៌ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ”។

មូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ (AFCP) ត្រូវបានបង្កើតឡើង ដើម្បីជួយអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ សំខាន់ៗនៅជុំវិញពិភពលោក។ ក្រៅពីការងារនៅប្រាសាទព្រះវិហារ ក្រោមជំនួយរបស់ AFCP និងមូលនិធិផ្សេងទៀត រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់កម្ពុជាជាង៥លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០០១ ដើម្បីជួយអភិរក្សតំបន់បេតិកភណ្ឌ វប្បធម៌សំខាន់ៗដទៃទៀត នៅក្នុងប្រទេសកម្ពុជា រួមទាំងប្រាសាទភ្នំបាខែង បន្ទាយស្រី សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសា​សន៍ទួលស្លែង និងសារមន្ទីរអង្គរបូរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here