កម្ពុជានិងក្រុមប្រទេសនិយាយភាសាបារាំងប្ដេជ្ញារួមគ្នាក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រុមប្រទេសនិយាយបារាំងប្រមាណជិត៩០ប្រទេសរួមទាំងកម្ពុជាផងដែរនោះ ប្ដេជ្ញារួមគ្នាក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្នុងនិងក្រោយវិបត្តិកូវីដ១៩ ខណៈស្ថានភាពប្រទេសមួយចំនួនប្រសើរឡើងនិងប្រទេសមួយចំនួនទៀត នៅបន្តរាលដាលដោយកូវីដ១៩។

ក្នុងពិធីបើកជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូន កាលពីថ្ងៃទី៧ ធ្នូ ២០២១ លោកប៉ាន សូរស័ក្ត រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ពីឆន្ទៈ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ចនិងចំណងការទូត ជាមួយប្រទេ​សជាសមាជិកអង្គការ ក្រុមប្រទេសនិយាយភាសាបារាំង ( OIF) ដែលកត្តាទាំងនេះ នឹងផ្ដល់សារសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ជាពិសេសចំណងសហប្រតិបត្តិការ លើពហុវិស័យ រួមទាំងវប្បធម៌ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយជំងឺរាតត្បាតសកល កូវីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកទឹកចិត្តប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិនមកពីប្រទេសនិយាយបារាំង គ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យសក្ដានុពលពាណិជ្ជកម្មដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជា ជាទីតាំង សម្រាប់ពង្រីកសហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវាក់តម្លៃដែលកំពុងមានឧត្តមភាពរីកចម្រើន ។

របាយការណ៍របស់ពាណិជ្ជកម្មបានបង្ហាញផងដែរ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសនិយាយបារាំងចំនួន៨៨ សម្រេចបាន៩,៦ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះកម្ពុជាបាននាំចេញ ទៅកាន់ប្រទេសនិយាយបារាំងទាំងនោះ ចំនួន៦,៥ពាន់លានដុល្លារអាមេរិក កើនឡើង៤ភាគរយធៀបនឹងឆ្នាំ ២០១៩ ។

កម្ពុជាក៏បានបង្កើនទំនាក់ទំនងកាន់តែខ្លាំង បន្ថែមទៀតជាមួយប្រទេ​សនិយាយភាសាបារាំង ដោយគាំទ្របេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ហ្វ្រង់កូហ្វូន ដែលត្រូវបានផ្ដួចផ្ដើមដោយអង្គការ ក្រុមប្រទេសនិយាយភាសាបារាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here