ក្រសួងពាណិជ្ជកម្មនិងស្ថាប័នបីទៀតបានរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី អឺរ៉ុប

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC) មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូពាក់ព័ន្ធ បានរៀបចំឡើងនូវវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1)។

វេទិកានេះ ធ្វើឡើងក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.0”។

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុប លើកទី១៣ (ASEM13)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប។

វេទិកានេះនឹងមានការធ្វើបទបង្ហាញចំនួន៣ និងកិច្ចពិភាក្សាចំនួន៣ ពីបណ្តាវាគ្មិនជាតិ និងអន្តរជាតិមកពីអាស៊ី និងអឺរ៉ុប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ លើប្រធានបទមួយចំនួនរួមមាន ពហុភាគីនិយម, ខ្សែច្រវ៉ាក់តម្លៃសកល, បដិវត្តឧស្សាហកម្ម៤.០ និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា វេទិកានេះមានភាពចាំបាច់ សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឱកាសធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ជាពិសេសការផ្លាស់ប្ដូរយោបល់ លើមូលបទដ៏មានសារៈសំខាន់ គឺ “ការផ្លាស់ប្ដូរ ទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤” សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតីភាពថ្មី។

សម្តេចតេជោបន្តថា “កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នា ទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍរួម។ ជាមួយគ្នាកិច្ចសហប្រតិបត្តិការនេះ នៅមានសក្ដានុពលជាច្រើនទៀត ដែលយើងត្រូវចាប់យក ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប”។
បើតាមសម្តេចតេជោ ទំហំសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប មានចំណែកប្រមាណ៦៥ភាគរយនៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្ម មានប្រមាណ៥៥ភាគរយនៃពាណិជ្ជកម្មសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here