ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តពន្យារពេលលើការអនុវត្តគោលនយោបាយរឹតបន្តឹងការទិញអចលនទ្រព្យដោយជនបរទេស ដោយងាកទៅផ្តោតលើការប្រមូលទិន្នន័យស្តីពីកម្មសិទ្ធិអចលនទ្រព្យរបស់ជនបរទេស ដើម្បីវាយតម្លៃស្ថានភាពបានត្រឹមត្រូវ។
គណៈកម្មាធិការរដ្ឋាភិបាលកំពុងពិនិត្យមើលច្បាប់ស្តីពីការទិញអចលនទ្រព្យដោយជនបរទេស ប៉ុន្តែសមាជិកមួយចំនួនបានលើកឡើងពីកង្វះទិន្នន័យ ឬហេតុផលគ្រប់គ្រាន់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃចំណាត់ការនេះ។
ក្រសួងយុត្តិធម៌ជប៉ុននឹងតម្រូវឱ្យជនបរទេសបញ្ចូលសញ្ជាតិនៅក្នុងពាក្យសុំចុះបញ្ជីអចលនទ្រព្យចាប់ពីខែតុលា ឆ្នាំ២០២៦។នេះបើយោងតាមការចុះផ្សាយដោយកាសែត Nikkei Asia។ អ្នកដាក់ពាក្យសុំនឹងត្រូវដាក់លិខិតឆ្លងដែន បញ្ជីអាសយដ្ឋាន ឬអត្តសញ្ញាណប័ណ្ណផ្សេងទៀតដែលបញ្ជាក់ពីសញ្ជាតិរបស់ពួកគេ។
ទីភ្នាក់ងារឌីជីថល (Digital Agency) របស់រដ្ឋាភិបាលប្រទេសជប៉ុន មានគម្រោងបង្កើតមូលដ្ឋានទិន្នន័យព័ត៌មានសញ្ជាតិ (database) នៅដើមឆ្នាំសារពើពន្ធ២០២៧ ដោយប្រើប្រាស់ព័ត៌មានពីការចុះបញ្ជីអចលនទ្រព្យ។
បច្ចុប្បន្ននេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ធ្វើការសន្និដ្ឋានសញ្ជាតិរបស់អ្នកទិញដោយផ្អែកលើអាសយដ្ឋានរបស់ពួកគេ។ កាលពីឆមាសទី១ ឆ្នាំមុន ចំនួនអចលនទ្រព្យដែលបានចុះបញ្ជីដោយអ្នកទិញមានអាសយដ្ឋាននៅក្រៅប្រទេសមានចំនួន៧,៥ភាគរយនៃចំនួនអចលនទ្រព្យដែលបានចុះបញ្ជីសរុបនៅកណ្តាលទីក្រុងតូក្យូ។
ច្បាប់អន្តរជាតិក៏បង្កឧបសគ្គចំពោះការរឹតបន្តឹងការទិញអចលនទ្រព្យដោយជនបរទេសផងដែរ។ កិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មសេវាកម្ម (GATS) ដែលចុះហត្ថលេខាដោយប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) មានចែងគោលការណ៍នៃការមិនកំណត់ច្បាប់រើសអើងប្រឆាំងនឹងជនបរទេស ឬអង្គការបរទេស។
ប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានបន្ថែមឃ្លាមួយចំនួន នៅពេលចូលរួមកិច្ចព្រមព្រៀង GATS ដើម្បីរក្សាសិទ្ធិក្នុងការដាក់ចេញនូវច្បាប់តឹងរ៉ឹងលើការទិញអចលនទ្រព្យដោយជនបរទេស។ ប៉ុន្តែ ប្រទេសជប៉ុនមិនបានធ្វើបែបនេះទេ។
យ៉ាងណាមិញ ទោះបីជាប្រទេសជប៉ុនរឹតបន្តឹងការទិញអចលនទ្រព្យដោយជនបរទសយ៉ាងណាក្តី អ្នកទិញមួយចំនួនអាចព្យាយាមគេចវេសពីច្បាប់នេះ តាមរយៈការទិញអចលនទ្រព្យ ដោយឱ្យពលរដ្ឋជប៉ុនឈរឈ្មោះជំនួស៕ប្រភព: Nikkei Asia៕









