តម្លៃផ្ទះនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរបស់សហរដ្ឋអាមេរិកហក់ឡើងយ៉ាងគំហុក នៅខែមីនា

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះមធ្យមរបស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៅសហរដ្ឋអាមេរិកបានកើនឡើងដល់កំណត់ត្រាថ្មីចំនួន២,១៤លានដុល្លារអាមេរិកនៅខែមីនា កើនឡើង១៨ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។

យោងតាមក្រុមហ៊ុនឈ្មួញជើងសា Compass បាន​ឱ្យ​ដឹង​ថា តម្លៃ​ខុនដូបានកើនឡើង​២៧ ភាគរយ​ដល់១,៣៦លាន​ដុល្លារ​អាមេរិក។ តម្លៃ​នេះ​មានកម្រិត​ទាបជាងកម្រិតកំពូលនៅ​ខែមេសា ឆ្នាំ២០២២ បន្តិច​ ដែលមានទំហំទឹកប្រាក់ចំនួន ១.៣៧៥ លាន​ដុល្លារ​អាមេរិក​។

លោក Patrick Carlisle ប្រធានអ្នកវិភាគទីផ្សាររបស់ក្រុមហ៊ុន Compass បានអះអាងថា ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ ការកើនឡើងនៃអត្រាការប្រាក់ និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ មិនបានប៉ះពាល់ដល់សក្ដានុពលទីផ្សារនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើននៃតម្លៃលំនៅឋាននៅទីក្រុងមួយនេះកំពុងត្រូវបានជំរុញដោយការបង្កើតឱកាសការងារ និងទ្រព្យសម្បត្តិថ្មី ស្របពេលមានការរីកចម្រើននៃក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម AI (startup)។

ការរីកចម្រើនរបស់ក្រុមហ៊ុន AI ដូចជា ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Anthropic បានជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ បុគ្គលិកជាច្រើនរបស់ក្រុមហ៊ុនទាំងនេះកំពុងប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកគេដើម្បីទិញផ្ទះនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជាទីដែលការផ្គត់ផ្គង់លំនៅឋានថ្មីនៅមានកំណត់។

យោងតាមក្រុមហ៊ុន ​​Compass បានឱ្យដឹងថា ផ្ទះយ៉ាងហោចណាស់ចំនួន ២២យូនីតត្រូវបានលក់ចេញក្នុងតម្លៃជាង ៥លានដុល្លារអាមេរិកកាលពីខែមីនា។ លើសពីនេះ ខុនដូចំនួន២៤យូនីតត្រូវបានលក់ក្នុងតម្លៃជាង ៣ លានដុល្លារអាមេរិក ដែលជាចំនួនសរុបប្រចាំខែខ្ពស់បំផុតមិនធ្លាប់មានផងដែរ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here