ដោយ: សហសេវិក
អន្តរជាតិ: ប្រតិបត្តិការអចលនទ្រព្យលំនៅឋាននៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងប្រមាណ១៥ភាគរយក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលជំរុញដោយកំណើនប្រជាជន។
លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ IQI បានអះអាងថា កំណើននៃចំនួនប្រជាជននឹងនាំឱ្យមានការបង្កើតគ្រួសារថ្មីប្រហែល៥៨២.០០០គ្រួសារក្នុងរយៈពេលនោះ ដែលផ្តល់ជាកម្លាំងជំរុញដ៏រឹងមាំមួយសម្រាប់តម្រូវការលំនៅឋានទូទាំងប្រទេស។
លោកបានលើកឡើងថា កំណើនប្រជាជនតែមួយមុខអាចជំរុញឱ្យមានការកើនឡើង១៥ភាគរយនៃចំនួនផ្ទះដែលបានលក់ចេញ ហើយនោះមិនទាន់រាប់បញ្ចូលតម្រូវការពីអ្នកទិញលំនៅឋានថ្មី វិនិយោគិន និងជនបរទេសទេ។
ចំនួនប្រជាជនម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងចំនួន២,២លាននាក់ ពីចំនួន៣៤,៣លាននាក់នាពេលបច្ចុប្បន្ន ដល់៣៦,៥លាននាក់ នៅឆ្នាំ២០៣០ខាងមុខ។
លោក Ansari បានថា ដោយផ្អែកលើទំហំគ្រួសារជាមធ្យម ដែលមានសមាជិកជិត៤នាក់ក្នុងមួយគ្រួសារ កំណើនប្រជាជនបន្ថែមនេះនឹងបង្កើតបានគ្រួសារថ្មីជាង១១៦.០០០គ្រួសារជារៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំខាងមុខ។
លោកបានបន្ថែមថា រដ្ឋ Selangor នឹងនៅតែជាតំបន់រួមចំណែកធំបំផុតចំពោះតម្រូវការលំនៅឋាន ដោយចំនួនប្រជាជនរបស់រដ្ឋនេះត្រូវបានគេព្យាករថា នឹងកើនឡើង៣៨២.០០០នាក់នៅឆ្នាំ២០៣០ ដែលតម្រូវឱ្យមានការអភិវឌ្ឍលំនៅឋាន៕ប្រភព: The News Strait Times៕









