ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅក្នុងប្រទេសឥណ្ឌានឹងកើនឡើងប្រមាណ៦ភាគរយក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ប៉ុន្តែ ក្រុមអ្នកវិភាគអះអាងថា សន្ទុះនៃការរីកចម្រើនរបស់ទីផ្សារលំនៅឋានប្រណីតឥណ្ឌានឹងថមថយចុះក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ការព្យាករណ៍ទាំងនេះបានកើតឡើង ស្របពេលកំណើនសេដ្ឋកិច្ចឥណ្ឌាសម្រេចបាន៨,២ភាគរយ ដោយបានវ៉ាដាច់ប្រទេសដទៃទៀត។ យ៉ាងណាមិញ ក្រុមសេដ្ឋវិទូលើកឡើងថា កំណើននេះបានផ្តល់អត្ថប្រយោជន៍ទៅដល់អ្នករកចំណូលបានខ្ពស់ប៉ុណ្ណោះ និងបង្កើនវិសមភាពនៅក្នុងប្រទេស។
ក្រុមអ្នកជំនាញភាគច្រើនកំពុងរង់ចាំមើលថាតើផ្នែកអចលនទ្រព្យប្រណីតនឹងជំរុញសកម្មភាពទីផ្សារអចលនទ្រព្យឥណ្ឌារហូតដល់ពេលណា។
ការស្ទង់មតិចុងក្រោយបំផុតលើក្រុមអ្នកវិភាគអចលនទ្រព្យចំនួន១៥នាក់ត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារពត៌មាន Reuters ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងនោះ ក្រុមអ្នកវិភាគចំនួន១១រូបបានលើកឡើងថា ផ្នែកអចលនទ្រព្យប្រណីតនឹងលែងក្លាយជាកម្លាំងចលករនៃទីផ្សារអចលនទ្រព្យឥណ្ឌាក្នុងរយៈពេល៥ឆ្នាំខាងមុខ។
លោក Ajay Sharma អ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers International ជឿជាក់ថា ផ្នែកអចលនទ្រព្យប្រណីតនាពេលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងកម្រិតកំពូល ហើយផ្នែកនេះពិតជានឹងធ្លាក់ចុះមកវិញ។
លោក Sharma បានបន្តថា ដោយសារតែទីផ្សារភាគហ៊ុន និងហិរញ្ញវត្ថុកំពុងដំណើរការល្អ អ្នកទិញមានប្រាក់កាន់តែច្រើនសម្រាប់ការវិនិយោគ។ ការណ៍នេះអាចជំរុញភាពរីកចម្រើននៃទីផ្សារលំនៅឋានប្រណីតរបស់ឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត។
លោកបន្ថែមថា បន្ទាប់ពីនោះ ការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃដី និងការចំណាយលើការអភិវឌ្ឍ នឹងធ្វើឱ្យផ្ទះប្រណីតមិនសូវមានភាពទាក់ទាញសម្រាប់អ្នកទិញភាគច្រើន ដែលកំពុងស្វែងរកផលចំណេញពីការវិនិយោគរបស់ពួកគេ៕ប្រភព: Reuters៕









