ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអាល្លឺម៉ង់ DWS បានឱ្យដឹងថា ទីក្រុងហុងកុងនៃប្រទេសចិននៅតែជាទីផ្សារជួលលំនៅឋានដែលមានតម្លៃថ្លៃជាងគេបំផុតមួយលើពិភពលោក ដោយសារប្រាក់ចំណូលជាមធ្យមក្នុងគ្រួសារ មិនអាចទប់ទល់នឹងតម្លៃផ្ទះជួលថ្លៃកប់ពពកបាន។
សន្ទស្សន៍តម្លៃផ្ទះជួលជាផ្លូវការនៅទីក្រុងហុងកុងបានកើនឡើង១,១២ភាគរយក្នុងខែសីហា ឆ្នាំនេះ ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល១៤ខែ ដល់១៩៨,៧ពិន្ទុ បើធៀបនឹងកម្រិតកំពូលចំនួន២០០,១ពិន្ទុកាលពីខែសីហា ឆ្នាំ២០១៩។
តម្លៃផ្ទះជួលជាមធ្យមនៅទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន គ្របដណ្តប់ចំណែកចំនួន៦១ភាគរយនៃប្រាក់ចំណូលជាមធ្យមរបស់គ្រួសារពលរដ្ឋហុងកុង(Household disposable income)។
របាយការណ៍របស់ក្រុមហ៊ុន DWS បានឱ្យដឹងបន្តថា ក្រៅពីទីក្រុងហុងកុង តម្លៃជួលអាផាតមុិនជាមធ្យម ដែលមានបន្ទប់គេងចំនួន២ នៅទីក្រុងបុមបៃរបស់ឥណ្ឌា គ្របដណ្តប់ចំណែក៦៦ភាគរយនៃប្រាក់ចំណូលជាមធ្យមក្នុងគ្រួសារ។
ការសិក្សាបានលើកឡើងថា ទីក្រុងទាំងនេះមានតម្លៃផ្ទះជួលខ្ពស់ ហើយបញ្ហានេះបានវិវត្តន៍កាន់តែអាក្រក់ទៅៗ ដោយសារកំណើនប្រជាជនយ៉ាងឆាប់រហ័ស គម្លាតប្រាក់ចំណូល និងកង្វះខាតលំនៅឋាន។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។
ជាក់ស្តែង ទោះជាទីក្រុងហុងកុងត្រូវបានគេមើលឃើញថា ជាទីក្រុងដែលសម្បូរក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភច្រើនយ៉ាងណាក្តី ក៏ពួកគេនៅតែជួបការលំបាកនៅពេលពិចារណាដល់លទ្ធភាពទិញ ឬជួលលំនៅឋានដើម្បីស្នាក់នៅ៕ប្រភព: SCMP៕









