ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកស្រី Sanae Takaichi ប្រធានគណបក្សសេរីប្រជាធិបតេយ្យ និងគណបក្ស Japan Innovation Party បានឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះ ដែលបានបើកផ្លូវឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុតរបស់ប្រទេសជប៉ុន។
លោកស្រី Ada Choi ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានអះអាងថា នៅក្រោមរដ្ឋបាលរបស់លោកស្រី Takaichi ប្រទេសជប៉ុនអាចនឹងពន្យារពេលក្នុងការធ្វើប្រក្រតីកម្មនូវគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដែលបង្ហាញទាំងឱកាស និងបញ្ហាប្រឈមដល់បណ្តាវិនិយោគិន។
លោកស្រី Sanae Takaichi ត្រូវបានគេវាយតម្លៃថា មានគោលជំហរប្រឆាំងនឹងការដំឡើងអត្រាការប្រាក់ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច និងការប្រើប្រាស់របស់ប្រជាជនជប៉ុន។
គោលនយោបាយអត្រាការប្រាក់របស់ប្រទេសជប៉ុនមានកម្រិតទាបបំផុត ដោយធនាគារកណ្តាលជប៉ុនបានផ្អាកការរឹតបន្តឹងគោលនយោបាយ និងបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅថេរក្នុងរង្វង់០,៥ភាគរយនៅក្នុងកិច្ចប្រជុំកាលពីខែកញ្ញា។
លោកស្រី Choi បានលើកឡើងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុនបានទាក់ទាញបណ្តាអ្នកវិនិយោគជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះ វាដល់ពេលហើយ ដែលបណ្តាអ្នកវិនិយោគត្រូវពិចារណាអំពីការធ្វើពិពិធកម្ម។
យោងតាមទិន្នន័យដែលចងក្រងដោយក្រុមហ៊ុន Colliers បានឱ្យដឹងថា កាលពីឆមាសទីមួយ ឆ្នាំនេះ ប្រទេសជប៉ុនជាគោលដៅស្រូបទាញបានដើមទុនវិនិយោគអចលនទ្រព្យឆ្លងដែនច្រើនជាងគេទី៤ លើពិភពលោកក្នុងទំហំទឹកប្រាក់ប្រហែល១១ពាន់លានដុល្លារអាមេរិក៕ប្រភព: SCMP៕









