ជនបរទេស ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភកំពុងចាកចេញពីទីក្រុងឡុងដ៍ ខណៈរក្សាទុកផ្ទះក្នុងទីក្រុងនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ជនបរទេស ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភកំពុងចាកចេញពីទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស ដោយសារការបង់ពន្ធខ្ពស់។ ប៉ុន្តែ ពួកគេសង្ឃឹមថា នឹងវិលត្រលប់មកវិញប្រសិនបើគោលនយោបាយមានភាពប្រសើរឡើង។

យ៉ាងណាមិញ លោក George Azar ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Sotheby’s International Realty គូសបញ្ជាក់ថា ជនបរទេសទាំងនោះមិនបានលក់លំនៅដ្ឋាននៅទីក្រុងឡុងដ៍របស់ពួកគេទេ។

អ្នកជំនាញរូបនេះនៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននៅទីក្រុងឡុងដិ៍ក្នុងរយៈពេលវែង ជាពិសេស ប្រសិនបើមានការផ្លាស់ប្តូរគោលនយោបាយដើម្បីទាក់ទាញជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មុនឆ្នាំ២០២៤ ជនបរទេស ដែលរស់នៅចក្រភពអង់គ្លេស និងមានផ្ទះអចិន្ត្រៃយ៍នៅបរទេស) អាចជៀសផុតពីការបង់ពន្ធលើប្រាក់ចំណូលពីបរទេសរបស់ខ្លួនក្នុងរយៈពេលអតិបរមា១៥ឆ្នាំ ដរាបណាពួកគេមិនផ្ទេរប្រាក់ទាំងនោះចូលទៅក្នុងប្រទេសអង់គ្លេស។

ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសដាក់ចេញកំណែទម្រង់ពន្ធនៅដើមឆ្នាំ២០២៤ បច្ចុប្បន្ន ជនបរទេសដែលរស់នៅប្រទេសអង់គ្លេស មិនថា ពួកគេមានផ្ទះអចិន្ត្រៃយ៍នៅទីណានោះទេ ត្រូវបង់ពន្ធលើប្រាក់ចំណូលសកលរបស់ពួកគេ។

ការណ៍នេះបានជំរុញឱ្យបុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើន រួមទាំងស្ថាបនិកក្រុមហ៊ុន Checkout.com លោក Guillaume Pousaz និងមហាសេដ្ឋីអេហ្ស៊ីបលោក Nassef Sawiris សម្រុកចាកចេញពីប្រទេសអង់គ្លេស។

កំណែទម្រង់នេះបាននាំឱ្យទីផ្សារអចលនទ្រព្យប្រណីតនៅទីក្រុងឡុងដ៍ជួបប្រទះបញ្ហា។ ការលក់ផ្ទះដែលមានតម្លៃចាប់ពី៥លានផោនបានដាំក្បាលចុះ៣៥ភាគរយកាលពីឆ្នាំមុន ខណៈការបញ្ចុះតម្លៃបានកើនឡើង។

ទោះជាយ៉ាងណា លោក Azar ជឿជាក់ថា ទីផ្សារអចលនទ្រព្យនៅទីក្រុងឡុងដ៍នឹងស្ទុះងើបឡើងវិញក្នុងរយៈពេលប្រហែល៣ឆ្នាំខាងមុខ ប្រសិនបើរដ្ឋាភិបាលដាក់ចេញវិញនូវគោលនយោបាយអំណោយផលសម្រាប់ជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ៕ប្រភព: Bloomberg ៕

LEAVE A REPLY

Please enter your comment!
Please enter your name here