ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុន Colliers Philippines បានព្យាករណ៍ឱ្យដឹងថា អត្រាខុនដូទំនេរ(Residential Vacancy)នៅទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីននឹងធ្លាក់ចុះនៅឆ្នាំ២០២៦ និងឆ្នាំ២០២៧ខាងមុខ ខណៈបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនានាកាត់បន្ថយការផ្គត់ផ្គង់ខុនដូថ្មី។
លោក Joey Bondoc ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានលើកឡើងថា “អត្រាខុនដូទំនេរសរុបនៅក្នុងតំបន់រដ្ឋធានីម៉ានីលបានស្ថិតក្នុងរង្វង់២៤,៥ភាគរយគិតត្រឹមត្រីមាសទីពីរ ឆ្នាំ២០២៥នេះ”។
អត្រានេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ក្នុងរង្វង់២៥,៨ភាគរយនៅចុងឆ្នាំ២០២៥នេះ មុនពេលធ្លាក់ចុះមកនៅត្រឹម២៥,៣ភាគរយនៅឆ្នាំ២០២៦ និងបន្តធ្លាក់ចុះមកនៅត្រឹម២៣,៤ភាគរយក្នុងឆ្នាំ២០២៧ខាងមុខ។
លោក Bondoc បានអះអាងថា“មូលហេតុចម្បង ដែលនាំឱ្យយើងព្យាករណ៍ថា អត្រាខុនដូទំនេរនឹងធ្លាក់ចុះនៅឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដោយសារការផ្គត់ផ្គង់ថ្មីនៅមានកម្រិត ឬមានន័យថា ចំនួនខុនដូ ដែលបញ្ចប់ការសាងសង់ថ្មីក្នុងរដ្ឋធានីម៉ានីលនឹងធ្លាក់ចុះ”។
យោងតាមទិន្នន័យពីក្រុមហ៊ុន Colliers បង្ហាញថា កាលពីត្រីមាសទី២ ឆ្នាំ២០២៥ បណ្តាអ្នកអភិវឌ្ឍន៍បានបើកដំណើរការខុនដូថ្មីចំនួន១.៤០០យូនីត បើធៀបនឹងការបើកដំណើរការខុនដូថ្មីចំនួន៥.៣០០យូនីតនៅក្នុងត្រីមាសទី១។
ក្រុមហ៊ុន Colliers រំពឹងថា បណ្តាអ្នកអភិវឌ្ឍន៍នឹងបញ្ចប់ការសាងសង់ខុនដូថ្មីចំនួន៨.៦០០យូនីតថ្មីនៅឆ្នាំ២០២៥។ តួលេខនេះមានការកើនឡើងបើធៀបនឹងខុនដូថ្មីចំនួន៧.៨០០យូនីត ដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤។
ទោះបីជាយ៉ាងណា ការបញ្ចប់ការសាងសង់ខុនដូថ្មីនៅរដ្ឋធានីម៉ានីលត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅត្រឹម៦.២០០យូនីតនៅឆ្នាំ២០២៦ និងបន្តធ្លាក់ចុះមកនៅត្រឹម២.៥០០យូនីតនៅឆ្នាំ២០២៧ខាងមុខ៕ប្រភព: Inquirer.Net៕









