មហាសេដ្ឋីអចលនទ្រព្យម៉ាកាវមួយរូបប្រកាសដាក់លក់ផ្ទះអាជីវកម្មចំនួន៥នៅសិង្ហបុរី ដើម្បីធ្វើពិពិធកម្មការវិនិយោគ

ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីអចលនទ្រព្យម៉ាកាវលោក Loi Keong Kuong និងក្រុមគ្រួសាររបស់លោកបានប្រកាសដាក់លក់ផ្ទះអាជីវកម្មចំនួន៥ ក្នុងតំបន់ Chinatown របស់ប្រទេសសិង្ហបុរីក្នុងទំហំទឹកប្រាក់ទាបជាងតម្លៃ ដែលពួកគេបានទិញកាលពីមួយទសវត្សរ៍មុនក្នុងអត្រាចន្លោះពី៥ភាគរយទៅ២០ភាគរយ។

តម្លៃសរុបនៃផ្ទះអាជីវកម្មទាំង៥នោះមានទំហំទឹកប្រាក់ចំនួន៥០,៧លានដុល្លារសិង្ហបុរី (ប្រមាណ៣៩,៤៥លានដុល្លារអាមេរិក)។ តួលេខនេះមានកម្រិតទាបជាងទំហំទឹកប្រាក់ចំនួន៥៨,៦លានដុល្លារសិង្ហបុរី ដែលលោក Loi បានបោះទុនវិនិយោគកាលពី១០ឆ្នាំមុន។

ការណ៍នេះមានន័យថា មហាសេដ្ឋីអចលនទ្រព្យម៉ាកាវលោក Loi Keong Kuong និងក្រុមគ្រួសាររបស់លោក បានរងនូវការខាតបង់ជាមធ្យមក្នុងរង្វង់១៣ភាគរយ។ ពួកគេក៏អាចជួបប្រទះការខាតបង់ផ្សេងទៀត ដូចជា ការបង់ពន្ធប្រថាប់ត្រា និងការបង់អត្រាការប្រាក់លើកម្ចីទិញផ្ទះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិភាគបានលើកឡើងថា គ្រួសាររបស់លោក Loi កំពុងធ្វើពិពិធកម្មទីតាំងសម្រាប់ការវិនិយោគផលបត្រអចលនទ្រព្យរបស់ខ្លួន ដោយងាកទៅរកការបណ្តាក់ទុនវិនិយោគនៅក្នុងទីក្រុងម៉ាកាវ និងទីផ្សារផ្សេងទៀត។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Vnexpress។

យោងតាមវេបសាយ Inside Asian Gaming បានឱ្យដឹងថា កាលពីខែមិថុនា គ្រួសារនេះបានទិញសណ្ឋាគារ“The 13 Hotel”នៅទីក្រុងម៉ាកាវ ក្នុងតម្លៃ៦០០លានដុល្លារហុងកុង ខណៈពួកគេគ្រោង​រចនា និង​ជួសជុល​សណ្ឋាគារ​នេះ ក្នុងគោលដៅបង្កើត​ទៅជា​មជ្ឈមណ្ឌល​ទេសចរណ៍​ថ្មី​មួយ​​៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here