ទីផ្សារលំនៅដ្ឋានក្នុងរដ្ឋធានីប៉ារីសបានបង្ហាញស្ថានភាពរឹងមាំ ខណៈតម្រូវការ និងតម្លៃអាផាតមុិនកើនឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋានក្នុងរដ្ឋធានីប៉ារីសរបស់ប្រទេសបារាំងបានបង្ហាញស្ថានភាពរឹងមាំក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ ដោយសារកត្តាជំរុញសំខាន់ៗ រួមមានដូចជា ស្ថិរភាពសេដ្ឋកិច្ច និន្នាការអត្រាការប្រាក់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង“Grand Paris Express”។

ការលក់លំនៅដ្ឋាន ឬអាផាតមុិននៅទីក្រុងប៉ារីសបានហក់ឡើង២៥ភាគរយកាលពីត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការលក់ផ្ទះនៅតំបន់ Greater Paris បានហក់ឡើង២១ភាគរយ។ តម្រូវការលំនៅដ្ឋានទូទាំងរដ្ឋធានីប៉ារីសកំពុងស្ទុះងើបឡើងវិញ ស្របពេលមានអតិថិជនចាប់អារម្មណ៍មកធ្វើការសាកសួរ និងចរចាកាន់តែច្រើន។

អត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះជាមធ្យមបានធ្លាក់ចុះពីក្នុងរង្វង់ជាង៤ភាគរយនៅដើមឆ្នាំ២០២៤ មកនៅត្រឹមក្នុងរង្វង់ប្រហែល៣ភាគរយចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៥។ ការណ៍នេះបានជួយកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកទិញផ្ទះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីបានដាំក្បាលចុះ១០ភាគរយ ចាប់តាំងពីឆ្នាំ២០២០ តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅទីក្រុងប៉ារីសបានចាប់ផ្តើមកើនឡើងវិញយ៉ាងសន្សឹមៗក្នុងរង្វង់២,១ភាគរយចន្លោះពីខែឧសភារហូតដល់ខែមិថុនា ឆ្នាំ២០២៥។

លំនៅដ្ឋាននៅក្នុងរដ្ឋធានីប៉ារីសមានតម្លៃជាមធ្យមចន្លោះពី៩.៤២០អឺរ៉ូទៅ៩.៨៨០អឺរ៉ូក្នុងមួយម៉ែត្រការ៉េនៅដើមឆ្នាំ២០២៥ ខណៈតម្លៃផ្ទះជាមធ្យមនៅខែកក្កដានេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ចំនួន៩.៧៥០អឺរ៉ូក្នុងមួយម៉ែត្រការ៉េ៕ប្រភព: 56paris.com & Parlezmoideparis៕

LEAVE A REPLY

Please enter your comment!
Please enter your name here