ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅទីក្រុងគូឡាឡាំពួរក្នុងប្រទេសម៉ាឡេសុីត្រូវបានគេព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ចន្លោះពី៣ភាគរយទៅ៧ភាគរយនៅក្នុងឆ្នាំ២០២៦ខាងមុខ ដោយសារការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង។
ទីផ្សារអចលនទ្រព្យម៉ាឡេស៊ីត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់៦,៦៤ភាគរយ រហូតដល់ឆ្នាំ២០៣០ ខណៈទំហំទីផ្សារសរុបរំពឹងថា នឹងកើនឡើងដល់ចំនួន៥៤,០៦ពាន់លានដុល្លារអាមេរិក ខណៈរាជធានីគូឡាឡាំពួរនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានអត្រាកំណើននេះ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលអាចជំរុញឱ្យតម្លៃលំនៅដ្ឋាននៅទីក្រុងគូឡាឡាំពួរមានការកើនឡើងនៅឆ្នាំ២០២៦ រួមមានការត្រៀមបញ្ចប់ការសាងសង់ខ្សែរថភ្លើង LRT3 ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ និងការត្រៀមបើកដំណើរការរថភ្លើង RTS Link ទៅកាន់ប្រទេសសិង្ហបុរីនៅខែធ្នូ ឆ្នាំ២០២៦។
ទោះបីជាយ៉ាងណា តម្លៃខុនដូលំដាប់ប្រណីតនៅទីក្រុងគូឡាឡាំពួរអាចប្រឈមមុខនឹងការធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។ ដោយឡែក តម្លៃខុនដូប្រភេទសមរម្យ (Affordable) និងតម្លៃខុនដូលំដាប់មធ្យម(Mid-tier) អាចបន្តកើនឡើងកាន់តែខ្ពស់។
ជាមួយគ្នានោះ អគារអាផាតមុិន ដែលប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ និងការសន្សំសំចៃថាមពលកំពុងក្លាយជាប្រភពកំណើនថ្មី ដែលបំពេញចំតម្រូវការរបស់ក្រុមអ្នកជំនាញវ័យក្មេង និងបុគ្គលិកធ្វើការផ្នែកបច្ចេកវិទ្យា។ យូនីតអាផាតមុិនប្រភេទនេះមានតម្លៃខ្ពស់ ដោយសារលក្ខណៈពិសេស ដូចជា ការបំពាក់បច្ចេកវិទ្យាឆ្លាតវៃ និងនិរន្តរភាព៕ប្រភព: Bamboo Routes៕









