អេ អឹម ខេ និង Mora បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រលើការទូទាត់តាមឌីជីថល

ភ្នំពេញ ៖ ការរីកចម្រើននៃវិស័យឌីជីថល និងមធ្យោបាយទូទាត់បានបន្តវិវឌ្ឍ និងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្ម។​

ដើម្បីសម្រួល​និងជំរុញ​ដល់​កា​រទូទាត់​តាមប្រព័ន្ធឌីជីថល​ ថ្ងៃទី ២៣​ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន Mora BNPL បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹង គ្រឹះស្ថានមីក្រូហិរញវត្ថុ អេ អឹម ខេ ដើម្បីរៀបចំដាក់ដំណើការ នៃផលិតផល និង សេវាហិរញ្ញវត្ថុ តាមរយៈ ទម្រង់ថ្នាលឌីជីថល ដែលហៅថា ទិញឥលូវ បង់លុយតាមក្រោយ (Buy Now Pay Later)។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា ស្របនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល គឺបានជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងយុគសម័យថ្មីនេះ។ អេ អឹម ខេ  ក៏បានដាក់ឲ្យដំណើរការផលិតផលឌីជីថលជាច្រើនដូចជា កម្មវិធីធនាគារចល័ត ការទូទាត់តាមអនឡាញ សំណើរកម្ចីឌីជីថល និងកម្មវិធីជាច្រើនទៀត។ កិច្ចសហការជាមួយក្រុមហ៊ុន Mora BNPL លើសេវាហិរញ្ញវត្ថុថ្មី ទិញបណ្តាក់ (Buy Now Pay Later) នឹងជួយពង្រីកលទ្ធភាពទទួលបានរបស់អតិថិជនក្នុងការទិញទំនិញចាំបាច់របស់ពួកគេកាន់តែ រហ័សនិងងាយស្រួល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការប្រើប្រាស់ប្រព័ន្ធទូទាត់តាមបែបឌីជីថលកំពុង​ពេញនិយម​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ តាំងពីមានការរីករាលដាលនៃជម្ងឺកូវីដ១៩ ប្រទេសកម្ពុជាមានការផ្លាស់ប្ដូរ និងមានការវិវឌ្ឍយ៉ាងប្រសើរតាមបែបឌីជីថល ហើយដើម្បីជួយសម្រួលដល់ការរស់នៅរបស់អតិថិជន អេ អឹម ខេ ក៏បានបង្កើតនូវកម្មវិធីធនាគារចល័ត (AMK Mobile) ដែលអាចឲ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានដោយខ្លួនឯង ។

ជាមួយគ្នានេះផងដែរ លោក ឃួន​ សុភ័ទ្ទ ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ Mora BNPL​បាន​លើក​ឡើងថា​ ក្រុមហ៊ុន Mora បានបង្កើតផលិតផលនេះឡើង ដើម្បីឆ្លើយតបទៅនឹងបរិបទស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន​ និងភាពរីកចម្រើននៃវិស័យឌីជីថល​ ដែលមនុស្សម្នាក់ៗបានធ្វើការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅ របៀបនៃការទិញទំនិញ ការប្រើប្រាស់មធ្យោបាយទូរទាត់ និង​ការគ្រប់គ្រងលំហូរសាច់ប្រាក់ជាដើម។​  Mora ជាថ្នាលឌីជីថលមួយ ដែលបង្កើតឡើងជាប្រពន្ធ័អេកូសីស្ទឹម ដែលបម្រើប្រយោជន៍ដល់ អតិថិជន ហាងដៃគូពាណិជ្ជកម្ម និងស្ថាប័នធនាគារ។

លោកបន្តថា ចំពោះហាងដៃគូពាណិជ្ជកម្ម ជាមួយ Mora នៅពេលដែលពួកគាត់បានភ្ជាប់ជាមួយ Mora គឺពួកគាត់ទទួលបានអតិថិជនថ្មីៗ តាមរយៈអតិថិជនរបស់ Mora ដែលមានស្រាប់ ហាងអាចបង្កើននូវការលក់ និងចំនួន​បរិមាណក្នុងការបញ្ជាទិញម្តងៗពីអតិថិជន។  ចំណែកអតិថិជន​វិញ គឺពួកគាត់ទទួលបាននូវទំនិញដែលគាត់ចង់បាន ដោយមិនចាំបាច់ប្រើប្រាស់ថវិកាម្តងទាំងអស់ក្នុងការបង់​ប្រាក់ គឺពួកគាត់អាច​ធ្វើការបង់ជាតំណាក់កាលជាមួយនឹង Mora បានដោយគ្មានបន្ថែមនូវការប្រាក់ ឬកម្រៃនានា។​  ​ជាពិសេសទៀតនោះ ដៃគូធនាគាររបស់ Mora ក៍បានប្រើប្រាស់ និងបញ្ចេញហិរញ្ញប្បទានទៅ​កាន់អតិថិជន តាមប្រពន្ធ័ឌីជីថលបានយ៉ាងឆាប់រហ័ស ចំណេញពេលវេលា និងងាយស្រួលតាមដាន។​   លោកថា«ខ្ញុំសង្ឃឹមថាក្រោមកិច្ចសហការជាមួយដៃគូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ  Mora នឹងផ្តល់នូវលក្ខខណ្ឌមធ្យោបាយទូទាត់​ថ្មីជូនដល់ម្ចាស់ហាង និងអតិថិជន ក្នុងការរស់នៅតាមបែបឌីជីថល​ និងទាន់សម័យ» ។​

គួរ​បញ្ជាក់ថា ម៉ូរា គឺជាឈ្មោះថ្នាលឌីជីថល ទិញឥលូវ បង់លុយតាមក្រោយ ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Mora BNPL ក្រោមកិច្ចសហការក្នុងការផ្តល់ហិរញប្បទានពីស្ថាប័ន គ្រឹះស្ថានមីក្រូហិរញវត្ថុ អេ អឹម ខេ ដើម្បីសម្រួលលក្ខខណ្ឌលំហូរសាច់ប្រាក់ដល់អតិថិជនក្នុងការទិញទំនិញនានាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជា គ្រឿងអេឡិចត្រូនិច សម្លៀកបំពាក់ គ្រឿងសម្អាង សេវាសុខភាព និងផលិតផលផ្សេងៗទៀត គឺមានន័យថាអតិថិជនធ្វើការទិញទំនិញពីហាងដែលជាដៃគូរបស់ Mora ដោយធ្វើការបង់ប្រាក់ជាដំណាក់កាល ដោយមិនមានការប្រាក់ និងកម្រៃផ្សេងៗ។​

សម្រាប់លោកអ្នកដែលជាម្ចាស់អាជីវកម្ម ឬហាង ដែលចង់ភ្ជាប់ជាដៃគូពាណិជកម្មជាមួយនឹង​ Mora អាចធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ័ ០៩៦ ៤៥៤ ១៨២១  ឬអ៊ីម៉េល [email protected] ៕

LEAVE A REPLY

Please enter your comment!
Please enter your name here