ឥណ្ឌូនេសុីអំពាវនាវស្វែងរកការចូលរួមរបស់ក្រុមហ៊ុនកូរ៉េនៅក្នុងគម្រោងរដ្ឋធានីថ្មី Nusantara

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃអាទិត្យបានស្នើសុំប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol សម្រាប់ការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុនកូរ៉េក្នុងគម្រោងផ្លាស់ប្តូរទីតាំងរដ្ឋធានីរបស់ឥណ្ឌូនេសុីពីហ្សាការតា។

នៅក្នុងអំឡុងកិច្ចប្រជុំកំពូលទ្វេរភាគីនោះ លោក Joko Widodo បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី មានសារៈសំខាន់សម្រាប់ប្រទេសរបស់លោក ហើយលោកបានស្នើសុំឱ្យមានការវិនិយោគសកម្មរបស់ទីក្រុងសេអ៊ូលនៅក្នុងប្រទេសឥណ្ឌូនេស៊ី ទៅលើវិស័យកសិកម្ម យានយន្តអគ្គិសនី អាយស៊ីធី និងរ៉េអាក់ទ័រនុយក្លេអ៊ែរម៉ូឌុលតូច។

ជាពិសេស លោក Joko Widodo បានសង្កត់ធ្ងន់ថា លោករំពឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងដែលមានបច្ចេកវិទ្យា និងបទពិសោធន៍កម្រិតខ្ពស់នឹងចូលរួមក្នុងការធ្វើឱ្យរដ្ឋធានីថ្មី Nusantara របស់ប្រទេសឥណ្ឌូនេស៊ីក្លាយជាទីក្រុងដែលបង្កើតឡើងក្នុងគោលបំណងនាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពីឆ្នាំមុនរវាងលោក Yoon Suk Yeol និងលោក Joko Widodo នៅទីក្រុងសេអ៊ូល ភាគីទាំងពីរក៏ធ្លាប់បានឯកភាពធ្វើការរួមគ្នាលើគម្រោងផ្លាស់ប្តូររដ្ឋធានីនេះផងដែរ។

កាលពីពេលនោះ លោក Yoon បានមានប្រសាសន៍ថា “បទពិសោធន៍របស់ប្រទេសកូរ៉េខាងត្បូងក្នុងការសាងសង់ទីក្រុង Sejong នឹងក្លាយជាគម្រូដ៏ល្អសម្រាប់ប្រទេសឥណ្ឌូនេស៊ី”។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា លោក Yoon បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយដែលមើលឃើញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានពន្លឿន បន្ទាប់ពីមានការបំពេញដំណើរទស្សនកិច្ចរបស់លោក Joko Widodo ទៅកាន់ទីក្រុងសេអ៊ូលកាលពីឆ្នាំមុន។

លើសពីនេះ លោក Yoon ក៏បានសម្តែងការអរគុណចំពោះការយកចិត្តទុកដាក់របស់ប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះចំពោះការវិនិយោគទ្វេរភាគី ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here