ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបណ្តុះបណ្តាលជំនាញ សាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងព៌តមានខាងលើនេះ ក្នុងជំនួបមួយជាមួយ លោកMIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាកាលពីដើមសប្តាហ៍នេះ។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃការបង្កើតវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយឱ្យមានសមត្ថភាព ក្នុងការកសាងផ្លូវ ស្ពានឱ្យមានគុណភាពរឹងមាំ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានស្នើឱ្យឯកអគ្គរាជទូតពិចារណា លទ្ធភាពលើការចុះអនុស្សរណៈយោគយល់ រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុនជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរ ឲ្យបានច្រើន សំដៅចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកMIKAMI Massahiro បានវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា៕








