ដោយៈម៉ាណេត
ភ្នំពេញៈ ជំនួញអចលនទ្រព្យ ជាការបង្កើតប្រាក់ចំណូលពីការលក់ ការជួល និងប្រតិបត្តិការអភិវឌ្ឍន៍ដីធ្លី លំនៅឋាន និងអគារផ្សេងៗឱ្យកើតជាប្រាក់ចំណូល។
ប្រភេទនៃជំនួញអចលនទ្រព្យ ការធ្វើជំនួញអចលនទ្រព្យ មានទម្រង់ច្រើនយ៉ាង ហើយលក្ខណៈនៃជំនួញនេះ យើងអាចបែងចែកជា៣ប្រភេទធំៗដូចជា ៖
១-ការលក់ដូទូទៅ
ការទិញ-លក់អចលនទ្រព្យ គឺជាការទិញ-លក់ ដែលមានលក្ខណៈស្រដៀងគ្នានឹងការទិញ-លក់នៃអាជីវកម្មផ្សេងៗដែរ ដូចជាការទិញហើយលក់វិញ។ តម្លៃតបស្នងដែលបានមកវិញ គឺជាប្រាក់ចំណេញ។ ការទិញ-លក់ក្នុងជំនួញអចលនទ្រព្យតាមច្បាប់កំណត់ គឺត្រូវធ្វើជាសៀវភៅ ឬចុះបញ្ជីជាមួយអាជ្ញាធរដូចជា សំបុត្រកម្មសិទ្ធិដីធ្លីជាឯកសារកម្មសិទ្ធិ ដើម្បីបញ្ជាក់ពីអ្នកកាន់កាប់កម្មសិទ្ធិដី ពីព្រោះអចលនទ្រព្យជាទ្រព្យសម្បត្តិ ដែលមានតម្លៃខ្ពស់ ដូច្នេះ ត្រូវតែភ្ជាប់មកជាមួយនឹងឯកសារច្បាប់ ដើម្បីមិនឱ្យកើតបញ្ហានៅថ្ងៃក្រោយ។
២-ការជួល
លក្ខណៈនៃការជួលមានដូចជា ការជួលបន្ទប់ស្នាក់នៅ អាផាតម៉ិន លំនៅឋាន អាគារពាណិជ្ជកម្ម ការិយាល័យ ឬការជួលដីទំនេរ គឺជាការធ្វើជំនួញអចលនទ្រព្យ។ ការវិនិយោគទុន ឬទិញអគារ និងទិញដីទំនេរ រួចយកមកជួលនោះ នឹងធ្វើឱ្យកើតប្រាក់ចំណូលយ៉ាងទៀងទាត់។
៣-ជើងសាអចលនទ្រព្យ
ជើងសារអចលនទ្រព្យ គឺជាអាជីព ដែលមនុស្សភាគច្រើនធ្លាប់ស្គាល់ ដូចជា ជើងសារទិញ-លក់ដី ផ្ទះឬរថយន្ត ដែលភាគច្រើនយកធ្វើជាមុខរបរបន្ថែម។ ការទិញ-លក់មួយលើកៗ អាចធ្វើឱ្យជើងសាទទួលបានប្រាក់ចំណូលខ្ពស់ ដែលអាស្រ័យទៅលើសមត្ថភាព។
សរុបមក ទិដ្ឋភាពទូទៅនៃជំនួញអចលនទ្រព្យ គឺជាការបង្កើតប្រាក់ចំណូលពីការលក់ ការជួលលំនៅឋាន និងដីទំនេរ ដើម្បីទទួលបានប្រាក់ចំណូល តាមរូបភាពផ្សេងៗ រួមទាំងការធ្វើជាឈ្មួញកណ្តាលផងដែរ។ អចលនទ្រព្យ គឺមិនចាំបាច់ត្រូវចំណាយដើមទុនច្រើន ហើយក៏មិនសំដៅលើអ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានលុយសម្រាប់វិនិយោគទុននោះទេ ដែលអាចធ្វើវាបាន។
នៅពេលខ្លះ ការធ្វើជាជើងសាទិញ-លក់ដី គឺជាការចាប់ខ្លាដោយដៃទទេ មានន័យថា អ្នកមិនចាំបាច់មានទុនវិនិយោគទេ។ ប្រសិនបើអ្នកមានទុនតិចតួច ឬគិតថា ចង់ប្រកបអាជីវកម្មនេះ ការដាក់ទុនក្នុងវិស័យអចលនទ្រព្យ គឺជាជម្រើសមួយទៀតដែលគួរឱ្យចាប់អារម្មណ៍បំផុត៕