បញ្ហាប្រឈមនិងដំណោះស្រាយ៣ចំណុចដែលម្ចាស់អាជីវកម្មតូចៗគួរយកចិត្តទុកដាក់ក្រោយកូវីដ១៩

ដោយ៖ សុធារី

ភ្នំពេញ៖ ស្របពេលដែលដំណើរការចាក់វ៉ាក់សាំង ត្រូវបានធ្វើឡើងយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស សកម្មភាពនៃការហាមប្រាមនានា ហាក់មានការបន្ធូរបន្ថយជាងមុន។ អាជីវកម្មមួយចំនួនត្រូវបានអនុញ្ញាតឲ្យដំណើរការជាធម្មតាឡើងវិញ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គម្លាតសង្គម អនាម័យ និងកំណត់ចំនួនអតិថិជនចូលប្រើប្រាស់សេវាកម្ម ក៏ដូចជាតាមដានការធ្វើដំណើរឆ្លងតំបន់ផ្សេងៗនៃផ្នែកដឹកជញ្ជូនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ បើទោះបីជាស្ថានភាពមានការប្រសើរឡើងក្ដី ក៏អាជីវកម្មផ្សេងៗទៀតហាក់ដូចពុំទាន់មានភាពនឹងនរនៅឡើយទេ ដោយពួកគេកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា៖

១. កង្វះសាច់ប្រាក់បង្វិល៖ អាជីវកម្មត្រូវពឹងផ្អែកទាំងស្រុងលើអតិថិជន។ ពេលបរិមាណអតិថិជនមានការថយចុះដោយសារបញ្ហាកូវីដ១៩ ប្រាក់ចំណូលក៏ធ្លាក់ទៅតាមនោះ។ ក្នុងករណីខ្លះ អ្នកទិញជំពាក់ក្រសង ជាហេតុនាំឲ្យដើមក៏អស់ ទំនិញក៏អស់ ការចំណាយលើសចំណូល ប្រាក់បម្រុងសម្រាប់បង្វិលក្នុងការរកស៊ីក៏អស់ ទើបធ្វើឲ្យសកម្មភាព និងផែនការមួយចំនួនមានការរាំងស្ទះ។

ដំណោះស្រាយ ស្វែងរកប្រភពជំនួយ ឬកម្ចី៖ នៅពេលជួបបញ្ហាកង្វះចំណូល ក្រៅពីការកាត់បន្ថយចំណាយដោយកំណត់ចំនួនទំនិញដាក់លក់ឲ្យបានត្រឹមត្រូវ ដោយផ្ដោតលើការកំណត់ចំណាំតម្រូវការរបស់អតិថិជនហើយ ម្ចាស់អាជីវកម្មក៏អាចស្វែងរកកម្ចីពីស្ថាប័នណាមួយដែលផ្ដល់នូវលក្ខខ័ណ្ឌល្អ ដើម្បីប្រើជាជំនួយសម្រាប់បង្វិលក្នុងប្រតិបត្តិការរកស៊ីផងដែរ ដើម្បីចៀសវាងការរាំងស្ទះ។

២. ប្រតិបត្តិការយឺតយ៉ាវ ៖ ដោយសារកូវីដ១៩ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប្រតិបត្តិការនៃការផ្គត់ផ្គង់មានការយឺតយ៉ាវ មិនទាន់តម្រូវការ។

ដំណោះស្រាយ រក្សាទំនាក់ទំនងល្អជាមួយដៃគូសហការ៖ កំណត់ពេលវេលាជាក់លាក់ក្នុងប្រតិបត្តិការ និងរក្សាទំនាក់ទំនងឲ្យបានជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់ ជាពិសេសអ្នកដឹកជញ្ជូនក្នុងកាលៈទេសៈនេះ ដើម្បីធ្វើឲ្យប្រាកដថា ប្រតិបត្តិការអាចប្រព្រឹត្តទៅបានទាន់ពេលវេលា និងទាន់ស្ថានការណ។

៣. ប៉ះពាល់ផ្លូវចិត្តម្ចាស់អាជីវកម្ម ៖ ម្ចាស់អាជីវកម្មមួយចំនួនដាក់ទាំងកម្លាំងចិត្ត កម្លាំងកាយ និងពេលវេលាទាំងស្រុងរបស់ខ្លួនទៅលើអាជីវកម្មរបស់ពួកគេ។ ដូចនេះហើយ នៅពេលការរកស៊ីជួបសភាពដុនដាបខ្លាំង វានឹងនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងស្មារតី ដែលនេះហើយក៏ជាកត្តាបង្អាក់ការស្វែងរកវិធីសាស្រ្ដដោះស្រាយបញ្ហារបស់ម្ចាស់អាជីវកម្មផងដែរ។

ដោះស្រាយបញ្ហាដោយប្រើយុទ្ធសាស្រ្ដ ៖ ជាជាងការអង្គុយពិបាកចិត្ត ម្ចាស់អាជីវកម្ម និងបុគ្គលិក គួរប្រើពេលមិនសូវមានអតិថិជននេះមកប្រជុំគ្នា ពិភាក្សាស្វែងរកដំណោះស្រាយប្រកបដោយយុទ្ធសាស្រ្ដ ដើម្បីស្រោចស្រង់អាជីវកម្មនោះមកវិញទើបប្រសើរ។ ប្រសិនបើអ្នកគិតថាបញ្ហាដែលកំពុងជួប គឺលើសពីសមត្ថភាព អ្នកគួរស្វែងរកអ្នកជំនាញ ដើម្បីសិក្សារកដំណោះស្រាយ ដូចជាអ្នកជំនាញផ្នែកទីផ្សារ ផ្នែកគណនេយ្យ ឬអ្នកជំនាញផ្នែកគ្រប់គ្រងអាជីវកម្មជាដើម។

ជារួមមក អ្វីដែលបានបង្ហាញខាងលើនេះ សុទ្ធតែជាបញ្ហា និងដំណោះស្រាយមួយចំនួន ដែលឧស្សាហ៍កើតមាននៅលើអាជីវកម្មភាគច្រើន ហើយវាអាចជាគំនិត និងជាព័ត៌មានខ្លះ ដើម្បីប្រើប្រាស់ក្នុងអាជីវកម្មរបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here