ដោយៈ សាវុធ
ភ្នំពេញៈ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ផ្នែកសេវាហិរញ្ញវត្ថុ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុណា ដេលទទួលស្គាល់ដោយ ធនាគារជាតិនៃកម្ពុជា ដែលមានកិច្ចការពារអតិថិជន។
លោកផល វ៉ាន់ឌីបានថ្លែងក្នុងអំឡុងកិច្ចសម្ភាសន៍មួយកាលពីម្សិលមិញថា “ខ្ញុំសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ ដោយធនាគារជាតិនៃកម្ពុជា ជាសេវាហិរញ្ញវត្ថុដែលមានកិច្ចការពារអតិថិជន”។
នាយកប្រតិបត្ដិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងបន្តថា ការចូលរួមរបស់បងប្អូន គឺដើម្បីការពារភាពរឹងមាំនៃវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីជៀសវាង ការប្រើប្រាស់សេវាដែលមិនផ្លូវការ។
លោកបានឱ្យដឹងទៀត ថា សេវាហិរញ្ញវត្ថុណាដែលមិនមែនជាសមាជិក របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមិនបានទទួលស្គាល់ ពីធនាគារជាតិនៃកម្ពុជា គឺសេវាហិរញ្ញវត្ថុទាំងអស់នោះមិនមានកិច្ចការពារអតិថិជននោះឡើយ។
បន្ថែមពីនោះទៀត នាយកប្រតិបត្ដិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ ជាវិស័យមួយដែលពិសេស ដែលដូចជាសសៃឈាមមួយនៃសេដ្ឋកិច្ចជាតិ ហើយវិស័យនេះបានចូលរួមចំណែក និងមានសារៈសំខាន់យ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ។
លោកផល វ៉ាន់ឌីបានបន្ដទៀតថា វិស័យមីក្រូហិរញ្ញវត្ថុបានចូលរួមចំណែក ក្នុងការលើកកម្ពស់ ការទទួលបានសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ជាពិសេសក្នុងការចូលរួមចំណែកការអភិវឌ្ឍន៍សង្គម។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាស្ថាប័នតែមួយគត់ តំណាងឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់ដោយសហការ យ៉ាងជិតស្និតជាមួយធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា ការិយាល័យឥណទានកម្ពុជា និងដៃគូអភិវឌ្ឍនានា។
សមាគមមីក្រូហិរញ្ញវត្ថុ គឺជាសមាគមវិជ្ជាជីវៈ ដែលជួយធ្វើឲ្យមានវិបុលភាព និងនិរន្តរភាពវិស័យមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដោយជំរុញឲ្យមានកំណើន សេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍ៕