ដោយៈលក្ខិណា
ភ្នំពេញៈ ទោះបីជាកម្ពុជាកំពុងប្រយុទប្រឆាំងនឹងជំងឺកូវីដ១៩ក្ដី តែការនាំចេញរបស់កម្ពុជា នៅតែមានទំហំទឹកប្រាក់ខ្ពស់ដដែល ជាក់ស្ដែងក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ស្បែកជើង និងកាបូបធ្វើដំណើរពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ប្រមាណ២៩៣៥លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាបានឱ្យដឹងថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២១ ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះទាំងសម្លៀកបំពាក់ ស្បែកជើងនិងសម្ភារៈធ្វើដំណើរ ។ ក្នុងនោះផលិតផលសម្លៀកបំពាក់ក្នុងត្រីមាសទី១ មានទឹកប្រាក់១៧៧៥លានដុល្លារ ធ្លាក់ចុះ៦,៤៣ភាគរយ ផលិតផលស្បែកជើង មានទឹកប្រាក់៣១៦លានដុល្លារធ្លាក់ចុះ៧,៣៣ភាគរយ និងសម្ភារៈធ្វើដំណើរ មានទឹកប្រាក់៣១៩លានដុល្លារ ធ្លាក់ចុះ៥,៨៩ភាគរយ។
ប៉ុន្តែនៅខែមេសាឆ្នាំ២០២១ ការនាំចេញផលិតផលទាំងនេះ បានកើនឡើងវិញធ្វើទំហំទឹកប្រាក់ក្នុងរយៈពេល៤ខែមានតួលេខខ្ពស់។
ក្នុងរបាយការណ៍បានបង្ហាញថា ការនាំចេញផលិតផលលសម្លៀកបំពាក់ ក្នុងខែមេសា ២០២១មានទឹកប្រាក់៤២៤លានដុល្លារ កើនឡើង១០,៥ភាគរយ ធៀបនឹងមេសាឆ្នាំមុន ផលិតផលស្បែកជើងមានទំហំទឹកប្រាក់៩៧លានដុល្លារ កើនឡើង២៦ភាគរយនិងសម្ភារៈធ្វើដំណើរ មានទឹកប្រាក់៩៤លានដុល្លារ កើនឡើងរហូតដល់១៣៣,៥ភាគរយធៀបនឹងមេសាឆ្នាំ២០២០។
យ៉ាងណាយោងតាមស្ថានភាពជាក់ស្ដែង កាលពីអំឡុងខែមេសាឆ្នាំ២០២១កន្លងទៅនេះ ដោយសារតែស្ថានភាពរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ធ្វើឲ្យរោងចក្រសហគ្រាសមួយចំនួននៅភ្នំពេញត្រូវផ្អាកដំណើរការ ហើយក៏បានចាប់ផ្ដើមដំណើរការឡើងក្រោយពេលរដ្ឋាភិបាលបានកំណត់តំបន់លឿង លឿងទុំនិងតំបន់ក្រហម និងអនុញ្ញាតឱ្យកម្មករនិងចក្រនៅតំបន់លឿងចូលធ្វើការវិញ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញផងដែរថា វិនិយោគិន ក្នុងនិងក្រៅប្រទេស នៅតែចាប់អារម្មណ៍លើការវិនិយោគ លើឧស្សាហកម្មកាត់ដេរ ដោយមានក្រុមហ៊ុនជាច្រើន បន្តដាក់ពាក្យស្នើសុំវិនិយោគ ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា និងទទួលបានការយល់ព្រមជាបន្តបន្ទាប់ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ ៕