ដោយៈ លក្ខិណា
ភ្នំពេញៈ ការវិនិយោគលើវិស័យសំណង់ក្នុងខេត្តកំពតត្រូវបានរាយការណ៍ថា នៅតែមានការវិវត្តន៍ទៅមុខបន្តទៀត ជាក់ស្ដែងក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១នេះ ខេត្តកំពតទទួលបានទុនវិនិយោគក្នុងវិស័យសំណង់ប្រមាណពាក់កណ្ដាលនៃឆ្នាំ២០២០ទាំងមូល។
យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា វិស័យសំណងក់នៅខេត្តកំពតក្នុងឆ្នាំ ២០២១នេះ នៅតែបន្តរីកចម្រើនជាងឆ្នាំ២០២០ ហើយគិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២១ ការចេញលិខិតអនុញ្ញាតសាងសង់មានទំហំទឹកប្រាក់វិនិយោគស្មើនឹងពាក់កណ្ដាលនៃឆ្នាំ២០២០ ដែលបញ្ជាក់ថា វិស័យសំណង់ក្នុងខេត្តមួយនេះនៅតែមានសន្ទុះទៅមុខទោះជាស្ថិតនៅក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី។
លោកស៊ឹម សុខជាអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តកំពតបានឱ្យដឹងថាទោះស្ថិតក្នុងស្ថានភាពកូវីដ១៩ វិស័យសំណង់ក្នុងខេត្ត នៅតែបន្តដំណើរការមិនដាច់ និងមានអ្នកទៅរកស៊ីផ្នែកនេះជាហូរហែ។
លោកបានថ្លែងថា ជាក់ស្ដែងការដ្ឋានដែលបានស្នើសុំលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចទាំងបី (ក្រុងស្រុក ខេត្ត និងក្រសួង) បើគិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២១ មានចំនួន ១៣៣ការដ្ឋាន(គ្មានច្បាប់ចំនួន ៨ ការដ្ឋាន) គិតជាទុនវិនិយោគសរុបចំនួន ១៨.១០៥.៥៥០ដុល្លារ។ បើប្រៀបធៀបឆ្នាំ២០២០ ការដ្ឋានសំណង់ពេញមួយឆ្នាំមានចំនួន ២៩៩គម្រោង ដែលមានទុនវិនិយោគសរុប ៣៧,១៦៤,៩០០ដុល្លារ។
លោកកែវ សុជាតិប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពត បានឱ្យដឹងថានៅក្នុងវិបត្តិកូវីដ១៩នេះ ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ២០២១ ទោះបីមានការរឹតត្បិតការធ្វើដំណើរឆ្លងខេត្តក្ដី តែសម្រាប់ខេត្តកំពតមានគម្រោងជាច្រើននៅតែបន្តសាងសង់ដដែល តែក៏មានគម្រោងមួយចំនួនតូចបានផ្អាកដោយសារតែខ្វះកម្មករឬដោយសារតែម្ចាស់គម្រោងជាប់នៅក្នុងតំបន់បិទខ្ទប់។
លោកបន្តថា កំពតនៅតែជាតំបន់ដែលមានការទាក់ទាញ សម្រាប់វិនិយោគលើអចលនទ្រព្យ ជាពិសេសទៅលើក្រុងថ្មីនៃខេត្តកំពត គឺក្រុងបូកគោដែលបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនក្នុងស្រុកជាច្រើនមកស្វែងរកការទិញដីដើម្បីវិនិយោគ លើគម្រោងរបស់ខ្លួន ជាពិសេសនោះគម្រោងផ្ទះលំហែកាយ និងគម្រោងផ្សេងទៀតគាំទ្រសម្រាប់វិស័យទេសចរណ៍៕