ខណៈពេលឱសានវាទជិតចូលមកដល់ GMAC ព្រួយបារម្ភពីការដកប្រព័ន្ធអនុគ្រោះពន្ធ

ដោយ ៖ ម៉ាណេត

ភ្នំពេញ ៖ នៅសល់ពេលមិនដល់២សប្ដាហ៍ទៀតនោះទេ ឱសានវាទនៃការប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប EBA ពីកម្ពុជានឹងចូលមកដល់ ដែលប្រការនេះបានធ្វើឱ្យសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា(GMAC) បង្ហាញពីក្ដីបារម្ភដែលអាចប៉ះពាល់ដល់វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហៅកាត់ GMAC កន្លងមកនេះ បានបង្ហាញពីការព្រួយបារម្ភចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយលើកឡើងពីផលប៉ះពាល់ចំពោះវិស័យឧស្សាហកម្មកាត់ដេរ ដែលនឹងធ្វើឱ្យបាត់បង់អ្នកបញ្ជាទិញ និងឱកាសការងារសម្រាប់កម្មករ កម្មការិនីមួយចំនួនផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក កាំង ម៉ូនីកា កាលពីពេលកន្លងមកនេះ បានលើកឡើងថា ខាង GMACបានដាក់លិខិតស្នើសុំពន្យារពេលដក EBA ផ្នែកខ្លះពីកម្ពុជារួចហើយ ក៏ប៉ុន្តែការឆ្លើយតបជាផ្លូវពីអឺរ៉ុបនៅមិនទាន់មាននៅឡើយ ខណៈពេលវេលាដែលអឺរ៉ុបកំណត់ក៏កាន់តែខិតចូលមកដល់ផងដែរ ។

ទន្ទឹមនឹងសហគមន៍អឺរ៉ុបកំពុងគំរាមគំហែងកម្ពុជាពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA លើផ្នែកខ្លះ កាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជា និងចិនបានបញ្ចប់ការចរចាទាំងស្រុងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងត្រៀមក្នុងការចុះហត្ថលេខាប្រកាសចូលជាធរមាននៅពេលខាងមុខនេះផងដែរ ។

ពាក់ព័ន្ធទៅនឹងក្ដីបារម្ភខាងលើនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅក្នុងវេទិកាមួយកាលពីថ្ងៃទី២៨ ខែកក្កដា ២០២០ ថា EBA គឺជាជញ្ជីងនយោបាយ ដូច្នេះ សហគមន៍អឺរ៉ុបនឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជានោះទេ ។ លោកបន្តថា សហគមន៍បានផ្ដល់ប្រព័ន្ធអនុគ្រោះនេះដល់ប្រទេសបីក្នុងតំបន់អាស៊ាន រួមមានមីយ៉ាន់ម៉ា ឡាវ និងប្រទេសកម្ពុជា ហើយបើសិនជាអឺរ៉ុបលើកយកសិទ្ធិមនុស្សដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា គឺត្រូវសម្លឹងទៅមើលប្រទេសពីរផ្សេងទៀតដែលទទួលបានការអនុគ្រោះពន្ធពីអឺរ៉ុប ។

លោកបញ្ជាក់ថា “ប្រទេសទាំងបីដែលទទួលបានអនុគ្រោះពន្ធពីអឺរ៉ុប មិនមានប្រទេសណាល្អជាកម្ពុជានោះទេ ជាក់ស្ដែងពេលនេះប្រទេសមីយ៉ាន់ម៉ា កំពុងមានវិបត្តិជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ដូច្នេះបើសិនជាអឺរ៉ុបដកEBA ពីកម្ពុជានោះ អឺរ៉ុបមិនមែនជាអ្នក នយោបាយទេ ក៏ប៉ុន្តែលោកជឿជាក់ថាអឺរ៉ុបជាអ្នកនយោបាយខ្ពស់ណាស់ ដូច្នេះលោកជឿជាក់ខ្ពស់ថា អឺរ៉ុបមិនដកឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here