រូបិយប័ណ្ណឌីជីថល Bitcoin បន្តធ្លាក់ថ្លៃខ្លាំងហៅមិនឮមកនៅ ក្រោម២០.០០០ដុល្លារ

ដោយៈ សុខុម

ញូវយ៉ក: រូបិយប័ណ្ណឌីជីថល ឬ គ្រីបតូ Bitcoin បានបន្តធ្លាក់ថ្លៃខ្លាំងហៅមិនឮ រហូតដល់ទៅជិត៦០% ពីកម្រិតកំពូលរបស់ខ្លួនមកនៅក្រោម២០.០០០ដុល្លារអាមេរិក ក្នុង១កាក់កាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហា។

Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូដ៏ធំបំផុត និងល្បីល្បាញបំផុតរបស់ពិភពលោក បានធ្លាក់ថ្លៃលើកចុងក្រោយ១,៥% មកនៅត្រឹម១៩.៩៤៦ដុល្លារអាមេរិក កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ដោយធ្លាក់ថ្លៃ២៩៨ដុល្លារ ពីវគ្គជួញដូរមុននេះ។

យោងតាមទស្សនាវដ្ដី Forbes ចុះផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ឱ្យដឹងថា រូបិយប័ណ្ណគ្រីបតូ Bitcoin ធ្លាប់បានហក់ឡើងខ្ពស់ដល់កម្រិតកំពូល ពោលគឺឡើងថ្លៃរហូតដល់៦៩.០០០ដុល្លារ ស្ទើរមិនគួរឱ្យជឿក្នុង១កាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាំក្បាលចុះ ឬធ្លាក់ថ្លៃនូវទ្រព្យសកម្មមានហានិភ័យខ្ពស់ ដូចរូបិយប័ណ្ណឌីជីថជាដើមនេះ កើតមានឡើងក្រោយពីលោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក (Federal Reserve) បានធ្វើការព្រមានថា កុំរំពឹងការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្ដាលអាមេរិក នឹងឈានដល់ទីបញ្ចប់ឆាប់ៗនេះ។

ចំណាត់ការរបស់ធនាគារកណ្ដាលអាមេរិក លើអត្រាការប្រាក់បានបង្កឱ្យបណ្ដាវិនិយោគិនព្យាករថា ទ្រព្យសកម្មមានហានិភ័យខ្ពស់ នឹងរងប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត។

ដោយមើលឃើញហានិភ័យ ច្រើនជាងឱកាសចំណេញ ពួកគេបានសម្រុកលក់ចេញទ្រព្យសកម្មមានហានិភ័យខ្ពស់ ហើយនេះជាកត្តាចម្បងមួយដែលធ្វើឱ្យរូបិយប័ណ្ណឌីជីថល បន្តធ្លាក់ថ្លៃស្រឹបៗមិនឈប់ឈថរបែបនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here