ស្ថាបនិកបីរូបកំពុងចូលរួមផ្សារភ្ជាប់សហគ្រិនក្នុងស្រុក ដើម្បីអភិវឌ្ឍន៍សហគ្រិនភាព

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ត្រូវបាន​បង្កើត​ឡើង​រួម​គ្នា​នៅ​ក្នុង​ឆ្នាំ២០២០ ដោយដាក់ឈ្មះថា “សហ” ស្ថាបនិកបីរូបទំនងជាមានគំនិតរួមគ្នា ដើម្បីជួយអភិវឌ្ឍន៍សហគ្រិននៅកម្ពុជា។

ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​របស់​មិត្តភក្តិ៣​រូប​ លោក ឃុត សុខាន ជា​តំណាង​មូលនិធិ​ប៊ុកប្រ៊ីដច៍ (BOOKBRIDGE) ​ប្រចាំ​នៅ​កម្ពុជា លោកផូល ហ្គៀល ស្ថាបនិក Sonas World និង​កញ្ញាម៉ារៀន ម៉ូសើរ៍ អតីត​អ្នក​ស័្មគ្រ​ចិត្ត​របស់​ប៊ុកប្រ៊ីដច៍​នៅ​កម្ពុជា និង​អ្នក​វិនិយោគ​លើ​ថ្នាល​សហ​។

ស្ថាបនិក “សហ”​ សុខានបានបង្ហាញអំពី​គោលបំណង​នៃ​ការបង្កើត​ សហ ​ឡើង​ថា​ “យើង​បង្កើត សហ ផ្ដោត​ទៅលើ​ការផ្ដល់​ជា​ថ្នាល​មួយ​សម្រាប់​ផ្ចុងផ្ដើម​សហគ្រិន ព្រោះ​យើង​មើល​ឃើញ​ថា​ មាន​សហគ្រិន​ច្រើន​ដែល​គាត់​ចង់​ចេញ​ដំណើរ​បង្កើត​អាជីវកម្ម​ខ្លួនឯង តែ​មិនសូវ​មាន​ឱកាស​ក្នុង​ការទទួល​បាន​ការបណ្ដុះ​បណ្ដាល ​ទាក់ទង​នឹង​ការងារ​អាជីកម្ម ឬ​សហគ្រិនភាព”។

លោកបន្ថែម​ថា​ “យើង​គិត​ថា​ចង់​ធ្វើអ្វី​ម្យ៉ាង ​ដែល​អាច​ជួយ​គាំទ្រ​ដល់​គាត់ ដូច្នេះ យើង​បាន​បើក​ជា​វគ្គ​បណ្ដុះបណ្ដាល​ ដោយ​ការ​ជួយ​យក​គំនិត​អាជីវកម្ម​របស់​គាត់​មក​គិតគូរ និង​រៀបចំ ដំណើរការ​ទៅ​ជា​អាជីវកម្ម​ជាក់លាក់​មួយ​ផ្អែក​លើ​​ធនធាន និង​ជំនាញ​ដែល​គាត់​មាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មក​ដល់​ពេលនេះ សហ មាន​អាយុកាលជាង២​ឆ្នាំហើយ ​ដោយ​លោក​បាន​រៀបចំ​កម្មវិធីបាន​២ដង​ដែរ ដែល​ក្នុង​នោះ ក្រុម​ទី​១ មាន​អ្នក​ចូលរួម ៨​នាក់ និង​ក្រុម​ទី​២ មាន​គ្នា៤​នាក់​​។ តែ​បច្ចុប្បន្ន​មាន​តែ​១០​នាក់​ទេ ដែល​បាន​ចេញ​ដំណើរ​ជា​សហគ្រិន​ពេញលេញ ​ជា​អាជីវកម្ម​ខ្នាត​តូច​។

នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ដែរ លោក សុខាន ប្រាប់​ថា​ កាលពី​វគ្គ​ដំបូង​គឺ​កម្មវិធី​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល៤​ខែ ដោយ​ចែក​ចេញ​ជា៥​ម៉ូឌុល​។ ម៉ូឌុល​ទី​១ គឺ​ស្វែងរក​គោលបំណង​ផ្ទាល់​ខ្លួន ម៉ូឌុល​ទី​២ ស្វែង​រក​គំនិត​អាជីវកម្ម ម៉ូឌុល​ទី​៣ រៀបចំ​ធ្វើ​គំរូ​អាជីវកម្ម ម៉ូឌុល​ទី​៤ រៀន​បំណិន​ដែល​ត្រូវការ និង​ម៉ូឌុល​ទី​៥ គាំទ្រ និង​ដំណើរ​ការអាជីវកម្ម​។

ប៉ុន្តែ សម្រាប់​ក្រុម​ទី​២ ក្រោយពី​បាន​រៀន​សូត្រ​ពី​ក្រុម​ទី​១ លោក​ឃើញ​ថា​ ពេលវេលា​ហាក់​យូរ ដែល​ធ្វើឱ្យ​សហគ្រិន រៀង​ថមថយ​ការគិត​ស៊ី​ជម្រៅ​ចំពោះ​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ លោក​ក៏​សម្រេច​ចិត្ត​ ពង្រួញ​ពេលវេលាមក​ជា៣​ខែ​វិញ ​ដោយ​រក្សា​នូវ​កម្មវិធី​ដដែល​។

បើ​ទោះ​បីជា​មិនមាន​លក្ខខណ្ឌ​អ្វី​ដើម្បី​ចូលរួម តែ​លោក​ឱ្យ​ដឹង​ថា “មុន​ពេល​ចាប់ផ្ដើម យើង​តែង​សួរនាំ​អ្នក​ចូលរួម ថា​គាត់​អាច​ចូលរួម​ជាមួយ​យើង​បាន​ប៉ុនណា ? ព្រោះ​យើង​ចង់​រក​អ្នក​ដែល​គាត់​ស៊ូ និង​ស្រលាញ់​ពេញ​ចិត្ត​អ្វី​ដែល​គាត់​ធ្វើ​ពិត​ប្រាកដ​”។

បើ​យើង​មើល​ឃើញ​ថា​ គាត់​មាន​គំនិត​អាជីវកម្ម ហើយ​មាន​មហិច្ឆតា​ក្នុង​ការសម្រេច​វា ​យើង​ស្វាគមន៍​ជា​និច្ច និង​សម្រាប់​គ្រប់​គ្នា​។

មក​ដល់​បច្ចុប្បន្ន អ្នក​ដែល​ចូលរួម​ជាមួយ សហ ភាគច្រើន​អ្នក​រស់នៅ​សៀមរាប និង​មាន​អ្នក​មក​ពី​​ខេត្ត​តាកែវ និង​ភ្នំពេញ​ផង​ដែរ​។ តែ​ចំពោះ​ចំនួន​អ្នក​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល លោក​បាន​កំណត់​អតិបរិមា​ត្រឹម១០-១២នាក់ ព្រោះ​លោក​ចង់​មាន​ចំនួន​សមស្រប ដែល​លោក​អាច​ធ្វើការ​ជាមួយ​ពួកគាត់​បាន​ច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here