រាជរដ្ឋាភិបាលទទួលបានថវិកាជាង១៥លានដុល្លារនិងជាង១៩០លានរៀលពីសប្បុរសជនដើម្បីបោសសំអាតមីន

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាទទួលបានថវិកាពីសប្បុរសជនជាង១៥លានដុល្លារអាមេរិក និងជាង១៩០លានរៀល ដើម្បីបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងប្រទេសកម្ពុជា។

តាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! គិតមកដល់ពេលនេះសប្បុរសជន ដែលបានចូលរួមសម្រាប់បំផ្លាញចោ​ល​គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់15 614 910ដុល្លារ និងប្រាក់រៀលចំនួន190 ​800 000រៀល”។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា នេះជាចលនាជាតិដ៏ធំ ដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ ២០២៥។ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា “ដើម្បីសម្រួលដល់ការចូលរួម របស់បងប្អូនជាបន្តទៀតអាជ្ញាធរមីនកម្ពុជា បានបើកគណនីនៅធនាគារ ABA ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ាដូចមានភ្ជាប់មកជាមួយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានសរសេរបញ្ជប់ថា​ “ខ្ញុំសង្ឃឹមថា ជនរួមជាតិយើងទាំងក្នុង និងក្រៅប្រទេសនឹងបន្តចូលរួម ក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្ម លើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ២០២៥”៕

LEAVE A REPLY

Please enter your comment!
Please enter your name here