វិស័យធានារ៉ាប់រងកម្ពុជាមានបុព្វលាភដុលជាង៣០០លានដុល្លារទោះរួមចំណែកសេដ្ឋកិច្ចត្រឹម១,១ភាគរយ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ថ្វិត្បិតតែវិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ក្ដី តែវិស័យនេះនៅរួមចំណែកដល់សេដ្ឋកិច្ចតិចតួចនៅឡើយ ពោលគឺត្រឹមតែ១,១ភាគរយប៉ុណ្ណោះ  ដូច្នេះប្រតិបត្តិករនិងនិយ័តករធានារ៉ាប់រងកម្ពុជា បាននិងកំពុងជំរុញឱ្យវិស័យនេះ កាន់តែមានចំណែកធំក្នុងសេដ្ឋកិច្ច ។

បើតាមលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី១៥មិថុនា ២០២២នេះ។

លោកបានឱ្យដឹងថា វិស័យធានារ៉ាប់រងកម្ពុជាបានរីកចម្រើនឆ្ពោះទៅមុខគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមដំណាច់ឆ្នាំមុន ធានារ៉ាប់រងកម្ពុជាមានបុព្វលាភដុលជាង៣០០លានដុល្លារអាមេរិក មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៤០កំពុងដំណើរការក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា ជាមួយនឹងទ្រព្យសកម្មប្រមាណ៨៤៥លានដុល្លារអាមេរិក និងមូលនិធិភាគហ៊ុនិកប្រមាណ៣៧៨លានដុល្លារអាមេរិក ។

លោកបន្តថា វិស័យធានារ៉ាប់រងបានរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ១,១ភាគរយ ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រង១៨,៦១ដុល្លារអាមេរិកក្នុងមនុស្សម្នាក់ ។ ក្នុងន័យនេះ ជាមួយនឹងកត្តាផលលាភប្រជាសាស្ត្រ ជាមួយនឹងការបន្តកើនឡើង នៃចំនួនប្រជាជនមានចំណូលមធ្យមនៅកម្ពុជា នឹងធ្វើឱ្យទីផ្សារធានារ៉ាប់រងមានសក្ដានុពលខ្លាំង និងត្រូវការអភិវឌ្ឍបន្ថែមទៀត ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា ក្នុងក្របខណ្ឌតំបន់អាស៊ានទាំងមូល វិស័យធានារ៉ាបរ់ងបានសម្របខ្លួនទៅនឹងវិបត្តិកូវីដ១៩ ដោយក្នុងនោះ នៅតាមបណ្ដារដ្ឋសមាជិកអាស៊ានខ្លះ  ការប្រើប្រាស់សេវាធានារ៉ាប់រងមានការកើនឡើងខ្លាំង ជាពិសេស សេវាធានារ៉ាប់រងអាយុជីវិតពីការរាតត្បាតនៃជំងឹកូវីដ១៩ ។

លោកថា បើទោះបីជាមានការរឹតត្បិតលើការធ្វើដំណើរ ប៉ុន្តែសកម្មភាពធុរកិច្ចធានារ៉ាប់រង ក៏ដូចជាការត្រួតពិនិត្យសកម្មភាពពាក់ព័ន្ធ របស់និយ័តករបន្តមានជាធម្មតា តាមរយៈប្រតិបត្តិការតាមអនឡាន និងការធ្វើនិតិវិធីរដ្ឋបាល អេឡិចត្រូនិកផងដែរ  ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា នៅពេលនិយាយពីធានារ៉ាប់រងឬក្រុមហ៊ុនធានារ៉ាប់រង មានការទទួលស្គាល់ យ៉ាងទូលំទូលាយ ជាពិសេស នៅបណ្ដាប្រទេសដែលមានការអភិវឌ្ឍខ្ពស់ថា ប្រតិបត្តិករធានារ៉ាប់រងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសង្គមឱ្យមានភាពធន់ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយសារក្រុមហ៊ុនទាំងនោះបានដើរតួជាសហគ្រាសទទួលយកហានិភ័យផង និងជាវិនិយោគិនផង ។

 

លោកបន្តថា ប្រតិបត្តិករធានារ៉ាប់រងមានមុខងារពិសេសមួយគឺ សមត្ថភាពស្រូវយកហានិភ័យដែលអាចនាំឱ្យបុគ្គលធ្លាក់ក្នុងភាពក្រីក្រ ឬទុក្ខវេទនាដោយសារតែការបាត់បង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ក្នុងប្រទេស ដែលមានទីផ្សារធានារ៉ាប់រងរីកចម្រើនខ្លាំង ភាពធន់នៃសំណាញហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នធុរកិច្ចនានាមានភាពរឹងមាំ ដោយសារតែមានការការពារយ៉ាងច្រើន ក្រោមវិសាលភាពនៃសេវាធានារ៉ាប់រង ។

លោកបន្ថែមថា ទីផ្សារធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា នៅមានទំហំតូចនៅឡើយ ការប្រើប្រាស់សេវាធានារ៉ាប់រង ក៏ដូចជាការយល់ដឹងពីធានារ៉ាប់រងរបស់ប្រជាពលរដ្ឋ នៅមានកម្រិតទាប ដូច្នេះគម្លាតនៃការការពារធានារ៉ាបរង់នៅក្នុងប្រទេសកម្ពុជានៅមានទំហំធំ និងត្រូវការអ្នកវិនិយោគលើទីផ្សារធានារ៉ាប់រងកាន់តែច្រើន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here